(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣នេះ លោក អ៊ុយ សំអាត នាយក នៃនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ បានចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងក្បុងឃុំត្រែងត្រយឹង និងឃុំយាយម៉ៅពេជ្រនិល ចំនួន១៥៩គ្រួសារ។
ថ្លែងក្នុងឱកាសនោះ លោក អ៊ុយ សំអាត បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋ និងសម្តែងការសោកស្តាយចំពោះគ្រោះធម្មជាតិដែលបានកើតឡើងកន្លងមក។
ជាមួយគ្នានោះ លោកបានកោតសរសើរចំពោះ ថ្នាក់ដឹកនាំ ក្រុមប្រតិបត្តិសាខា-អនុសាខាខេត្តកំពង់ស្ពឺ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានអនុវត្តនូវអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងការគិតគូរពីជីវភាពរស់នៅ សុខទុក្ខ និងសុខភាពរបស់ប្រជាពលរដ្ឋទាំងអស់ និងបានជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតផងដែរ។
លោក វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ តំណាងឲ្យប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺ សូមថ្លែងអំណរគុណចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុក្ខដាក់ដល់សុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងនាំយកអំណោយមកចែកជូនបងប្អូននាពេលនេះ ដើម្បីសម្រួលការលំបាក។
អំណោយកាកបាទក្រហមកម្ពុជា ដែលជូនគ្រួសារនីមួយៗនូវ៖ អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកត្រី១យួរ, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងថវិកាមួយចំនួន៕