(បន្ទាយមានជ័យ)៖ ផ្លូវលំមួយខ្សែដែលមានប្រវែង១២គីឡូម៉ែត្រ ភ្ជាប់ពីចំណុចភូមិអន្លង់ថ្ងាន់លិច ឆ្ពោះទៅកាន់ផ្លូវវាងក្រុង ដែលជាព្រំប្រទល់ស្រុកមង្គលបុរី ជាមួយក្រុងសេរីសោភ័ណ្ឌត្រូវបានជួសជុលក្រោមការឧបត្ថម្ភរបស់លោក អ៉ិត តារា និងលោក ឡុង សុផល ទីប្រឹក្សាសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។
លោក សៃ ឡៅ មេឃុំបត់ត្រង់ បានថ្លែងថា ផ្លូវមួយខ្សែនេះបានបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ១១ភូមិ នៅក្នុងឃុំបត់ត្រង់ ក្នុងនោះ៨ភូមិ ប្រើប្រាស់អចិន្ត្រៃយ៍ រួមជាមួយ៣ភូមិ ក្នុងឃុំបត់ត្រង់ នឹងប្រើប្រាស់ប្រយោលរួមមាន ឃុំរហាត់ទឹក ឃុំឫស្សីក្រោក និងឃុំបន្ទាយនាង ក្នុងស្រុកមង្គលបុរី ក៏បានប្រើប្រាស់ផ្លូវនេះផងដែរ ក្នុងការដឹកកសិផល សិស្សានុសិស្សប្រជាពលរដ្ឋផងដែរ។
លោកបានបញ្ជាក់ថា ផ្លូវនេះគឺកសាងឡើងតាំងពីឆ្នាំ២០០២ អំឡុងពេលដែលលោកចូលកាន់តំណែងជាមេឃុំម្ល៉េះ ដោយពេលនេះខូចខាតពិបាកក្នុងការធ្វើដំណើរដោយបានលោក អ៉ិត ដារា និងលោក ឡុង សុផល ទីប្រឹក្សាសម្ដេចក្រឡាហោម ស ខេង មើលឃើញ និងជួយជួសជុលកែលំអផ្លូវនេះប្រវែងជាង៥,៥០០ម៉ែត្រ ដែលរងការខូចខាតខ្លាំងនេះឲ្យធ្វើដំណើរបានស្រួលឡើងវិញ។ ក្នុងនាមលោកជាអាជ្ញាធរជំនួសមុខឲ្យប្រជាពលរដ្ឋ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំទាំងពីរ។
ក្នុងនោះ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ក៏ដូចជាសិក្សានុសិស្សទាំងអស់ បានសម្ដែងនូវការសប្បាយរីករាយ និងថ្លែងអំណរគុណចំពោះសប្បុរសជន ដែលបានកសាងជួសជុលផ្លូវនេះផងដែរ។
លោក អ៉ិត តារា ក៏បានជួយម៉ាស៊ីនព្រីនកុំព្យូទ័រលេបថប់ ចំនួន៨គ្រឿង ទៅសាលាឃុំមួយគ្រឿង ប៉ុស្តិ៍នគរបាលឃុំបត់ត្រង់មួយគ្រឿង និងសាលាអនុវិទ្យាល័យបត់ត្រង់ មួយគ្រឿង ថែមថវិកាមួយលានរៀល ជូនសាលាដើម្បីកសាងសាលា៕