(កំពង់ធំ)៖ លោកបណ្ឌិត ជីវ កេង អនុប្រធានតុលាការកំពូល និងលោកស្រី ឆាយ ស៊ីណា ព្រមទាំងក្រុមគ្រួសារ និងក្រុមការងារ បានអញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន១០វត្ត ក្នុងខេត្តកំពង់ធំ នៅថ្ងៃទី០៥ ខែ សីហា  ឆ្នាំ២០២៣ ដែលប្រព្រឹត្តិទៅនៅវត្តឥន្ទ្រីយ៍សំវរៈ ហៅ (វត្តកំពង់ធំ)។

លោកបណ្ឌិត ជីវ កេង បានថ្លែងថា ការប្រគេនទៀនព្រះវស្សា ព្រមទាំងគ្រឿងឧបភោគ បរិភោគ និងបច្ច័យយកមកវេរប្រគេនព្រះសង្ឃនាពេលនេះ គឺជាការចូលរួមនៅក្នុងប្រពៃណីព្រះពុទ្ធសាសនា ក្នុងពិធីបុណ្យចូលព្រះវស្សា ដើម្បីប្រគេនព្រះសង្ឃដុតបំភ្លឺបូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីរព្រះធម៌ និងវិន័យព្រះសម្មាសាម្ពុទ្ធរបស់ព្រះបរមគ្រូ នៃយើង និងដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន សាច់សារលោហិត កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីក្នុងបុព្វហេតុជាតិមាតុភូមិ និងដែលបានចែកឋានទៅកាន់លោកខាងមុខផងដែរ។

បច្ចុប្បន្ននេះ វិស័យព្រះពុទ្ធសាសនាមានការីកចម្រើនយ៉ាងឆាប់រហ័ស បើទោះបីជាប្រជាពលរដ្ឋរស់នៅទីណាក៏ដោយក៏មានវត្តអារ៉ាម មានព្រះវិហារ មានទីសក្ការៈបូជា សម្រាប់ឱ្យប្រជាពលរដ្ឋដែលបានគោរព និងប្រណិប័តន៍តាមព្រះពុទ្ធសាសនា ទំនៀមទំលាប់ប្រពៃណីខ្មែរ នៅក្នុងសម័យកាលដែលពោរពេញដោយសន្តិភាព ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ដោយបានជំរុញឱ្យប្រជាពលរដ្ឋ ថែរក្សាប្រពៃណី វប្បធម៌ និងសាសនានៃដូនតារបស់ខ្មែរយើងឲ្យបានខ្ជាប់ខ្ជួនផងដែរ។

លោកបានបន្តទៀតថា ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមកម្ពុជាយើង តាមរយៈការអប់រំសីលធម៌ការសិក្សាអប់រំ និងការប្រណិប័តន៍របស់ប្រជាពលរដ្ឋដែលជាពុទ្ធសាសនិកនៅតាមទីវត្តអារាមនានា ដែលជាកន្លែងសម្រាប់ការសិក្សាអប់រំរបស់យុវជនមកពីជនបទ និងនៅតាមទីក្រុងផងដែរ។

គួរបញ្ជាក់ថា វត្តទាំង៩ ស្ថិតនៅស្រុកប្រាសាទសំបូរ និងស្រុកកំពង់ស្វាយ ទទួលបាននូវការប្រគេននូវទេយ្យវត្ថុជាច្រើនរួមមាន៖ ទៀនព្រះវស្សា  អង្ករ  ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងឆា ភេសជ្ជៈ ទឹកសុទ្ធ និងបច្ច័យកសាង១លាន២សែនរៀល។ ដោយឡែក វត្តឥន្ទ្រីយ៍សំវរៈហៅ វត្តកំពង់ធំ ស្ថិតនៅក្នុងក្រុងស្ទឹងសែន ទទួលបានទៀនព្រះវស្សា អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងឆា ភេសជ្ជៈ ទឹកសុទ្ធ ទេយ្យទានគ្រប់មុខ បច្ច័យកសាង ៨ពាន់ដុល្លារ ឧបត្ថម្ភសម្ភារៈសិក្សាដល់សាមណៈសិស្សចំនួន២០០អង្គ ដោយក្នុង១អង្គទទួលបាន សៀវភៅ ប៊ិច ខ្មៅដៃ បន្ទាត់ ដែកខួង ថវិកា២ម៉ឺនរៀល ព្រមជាមួយនឹងការឧបត្ថម្ភចង្ហាន់សម្រាប់ព្រះសង្ឃចំនួន២លានរៀលផងដែរ៕

http://image.freshnewsasia.com/2021/id-154/fn-2023-08-05-15-50-49-1.JPG