(ភ្នំពេញ)៖ វគ្គសិក្សាវិទ្យាសាស្ត្រទិន្នន័យ (Data Science) ជាកម្មវិធីសហការរួមគ្នារវាងសកលវិទ្យាល័យ Handong Global នៃសាធារណរដ្ឋកូរ៉េ និងគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជា ដើម្បីបណ្តុះបណ្តាលអនាគតអ្នកជំនាញវិទ្យាសាស្ត្រទិន្នន័យ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដល់និស្សិតចំនួន ១២៧នាក់។
កម្មវិធីសិក្សាសម្រិតសម្រាំងនេះ ផ្តល់ឱ្យនិស្សិតឱ្យទទួលបានជំនាញ និងចំណេះដឹងសំខាន់ៗក្នុងការវិភាគប្រភេទទិន្នន័យធំៗ ដោយប្រើវិធីសាស្ត្រវិភាគចុងក្រោយ ធ្វើការវិភាគស៊ីជម្រៅពីបាតុភូតសង្គម និន្នាការធុរកិច្ច និងឥរិយាបថរបស់អ្នកប្រើប្រាស់ឌីជីថល។
វគ្គបណ្ដុះបណ្ដាលរួមគ្នានេះ អនុវត្តក្រោមអនុស្សរណៈយោគយល់រវាងសកលវិទ្យាល័យ Handong Global សាធារណរដ្ឋកូរ៉េ និងគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជាចំនួន៦ រួមមាន សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាជាតិគ្រប់គ្រង សាកលវិទ្យាល័យបញ្ញាសាស្ត្រ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ថ្លែងក្នុងឱកាសនោះ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ថា កម្មវិធីនេះរៀបចំក្នុងពេលដ៏ល្អ ខណៈដែលកម្ពុជាស្ថិតក្នុងដំណាក់កាលដំបូងនៃការអនុវត្តក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល និងគោលនយោបាយរដ្ឋាភិបាលឌីជីថល ដែលអភិបាលកិច្ចដោយទិន្នន័យគឺជាស្នូលនៃចក្ខុវិស័យរដ្ឋាភិបាលឌីជីថលរបស់ប្រទេសយើង។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា បច្ចុប្បន្នយើងកំពុងតែខ្វះខាតធនធានមនុស្សដែលមានជំនាញ ជាពិសេសជំនាញទាក់ទងនឹងបដិវត្តន៍ឧស្សាហកម្មទីបួន រួមមាន បញ្ញាសិប្បនិម្មិត វិទ្យាសាស្ត្រទិន្នន័យ និងទិន្នន័យធំ។
លោករដ្ឋមន្ត្រីបនថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបង្កើនការវិនិយោគយ៉ាងខ្លាំងលើវិស័យឌីជីថល ដោយបានផ្ដល់អាហារូបករណ៍ ជំនួយហិរញ្ញប្បទាន និងគម្រោងជ្រើសរើសបុគ្គលិកពិសេស។ ក្រសួងក៏បានរៀបចំ កម្មវិធី បញ្ញាវ័ន្តឌីជីថល (Digital Talents) ដើម្បីលើកកម្ពស់ចំណាប់អារម្មណ៍លើវិស័យឌីជីថល ជាពិសេសក្នុងចំណោមសិស្សវិទ្យាល័យនៅទូទាំងប្រទេស។
លោករដ្ឋមន្ត្រីបានបន្ថែមថា ដើម្បីរួមចំណែកបន្ថែមទៀតដល់ការកសាងធនធានមនុស្សឌីជីថលរបស់ប្រទេស ក្រសួងគ្រោងសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅវិទ្យាល័យចំនួន ៥៥៨ ទូទាំងប្រទេស ដើម្បីជំរុញការអភិវឌ្ឍជំនាញនិងការបង្កើនសមត្ថភាពផ្នែកឌីជីថលដល់អ្នកពាក់ព័ន្ធ ជាអាទិ៍ សិស្សានុសិស្ស មន្ត្រីមូលដ្ឋាន ពលករជំនាញ និងការប្រើប្រាស់ប្រព័ន្ធឌីជីថលដល់ប្រជាជនតាមសហគមន៍មូលដ្ឋាន។ បន្ថែមពីនេះ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាកំពុងបញ្ចប់ ផែនទីបង្ហាញផ្លូវសម្រាប់កម្មវិធីសិក្សាឌីជីល (Digital Education Roadmap) សម្រាប់គ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជា ដើម្បីធ្វើបច្ចុប្បន្នភាពវគ្គសិក្សា និងកម្មវិធីសិក្សា IT ស្របតាមការរីកចំរើននៃបច្ចេកវិទ្យាចុងក្រោយបង្អស់ សម្រាប់បំពេញតម្រូវការនៃទីផ្សារការងារឌីជីថលដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។
ឆ្លៀតឱកាសនោះ លោករដ្ឋមន្ត្រី ជឿជាក់ថាវគ្គបណ្ដុះបណ្តាលវិញ្ញាបនបត្ររួមនេះ នឹងផ្តល់ឱ្យយុវជនកម្ពុជាកាន់តែច្រើនឡើងទទួលនូវចំណេះដឹងដ៏ទំនើប នេះ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី មានសង្ឃឹមថាកម្មវិធីនេះនឹងជំរុញកិច្ចសហប្រតិបត្តិការ ការផ្សារភ្ជាប់ចំណេះដឹង បទពិសោធន៍ និងវប្បធម៌បន្តរវាងនិស្សិត សាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវរបស់កម្ពុជា ដើម្បីទាញយកអត្ថប្រយោជន៍នៃវិទ្យាសាស្ត្រទិន្នន័យសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា៕