(ត្បូងឃ្មុំ)៖ លោក អ៊ាង​ សុផល្លែត​ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ នៅព្រឹកថ្ងៃទីទី៥ ខែសីហា ឆ្នាំ២០២៣​នេះ បាននាំទៀនព្រះវស្សា និងទេយ្យទាន ព្រមទាំងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ៥វត្ត នៅក្នុងឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ផៃ ប៊ុនឈឿន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជារដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន, លោក ឡាន់ ឆន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក, លោកស្រី សាន្ត អារុណ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំគងជ័យ ព្រមទាំងលោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកាគណបក្សមូលដ្ឋានជាច្រើនរូបផងដែរ។

លោក អ៊ាង​ សុផល្លែត​ បានថ្លែងនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំគណបក្សដែលតែងតែគិតគូរ និងនឹករលឹកដល់ប្រជាពលរដ្ឋនៅស្រុកអូររាំងឪ ជាពិសេសនារដូវចូលព្រះវស្សានេះ សម្ដេចទាំងទ្វេ តែងតែគិតគូរអំពីសុខទុក្ខរបស់ព្រះសង្ឃ និងចាត់ឱ្យក្រុមការងារ យកទៀនព្រះវស្សា និងទេយ្យទានប្រគេនដល់ព្រះសង្ឃ តាមវត្តអារាមនានាផងដែរ។

លោកបានបញ្ជាក់ថា ការចូលព្រះវស្សាគឺជាបុណ្យមួយដែលមានសារ:សំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេរបានរៀនធម៌ និងវិន័យឱ្យបានខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ រយៈពេល០៣ខែ ចាប់ផ្តើមពីថ្ងៃ០១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ។ ការប្រគេនទៀនព្រះវស្សាព្រមទាំងគ្រឿងឧបភោគ បរិភោគ និងបច្ច័យយកមកវេរប្រគេនព្រះសង្ឃនាពេលនេះ ដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺបូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីរធម៌ វិន័យព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង។

លោក អ៊ាង​ សុផល្លែត​ បានថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋទាំងអស់នៅស្រុកអូររាំងឪ ដែលបានអញ្ជើញចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ដែលធ្វើឱ្យចំនួនអ្នកចូលរួមបោះឆ្នោតមានប្រមាណជាង ៨៤ភាគរយ ដែលចំនួននេះចាត់ទុក គឺជាចំនួនដ៏ច្រើនលើសលប់ ដែលប្រជាពលរដ្ឋបានយល់ដឹងអំពីលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ហើយពេលខាងមុខនេះលោកបណ្ឌិត ហ៊ុន ម៉ាណែត នឹងធ្វើជានាយករដ្ឋមន្ត្រីបន្តវេន ដើម្បីនាំមកនូវ សុខសន្តិភាពនិងការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ទៀត៕