(កណ្តាល)៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិចុងកោះ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល បាននិយាយថា ឧបករណ៍នេសាទប្រភេទឈឹប វាស្រដៀងគ្នាទៅនឹងសៃយឺនស្បៃមុងនោះដែរ គឺជាឧបករណ៍មួយអាចចាប់ត្រីបាន គ្រប់ប្រភេទមិនថាតូច ឬធំនោះទេ ឲ្យតែមកចំចូលគ្មានសល់។ សម្រាប់តែឥឡូវត្រូវបានក្រុមអ្នកនេសាទខុសច្បាប់ មួយក្តាប់តូចកំពុងយកមកដាក់នៅក្នុងទន្លេតូច នៃដៃទន្លេបាសាក់យ៉ាងច្រើនឆ្អេកឆ្កាសពេញទឹក ចំណែកជំនាញពាក់ព័ន្ធ មិនដែលឃើញចុះទៅបង្ក្រាបម្តងណាឡើយ ដូច្នេះធនធានធម្មមច្ឆា វាកាន់តែវិនាសបាត់បង់បន្តិចម្តងៗ ជាក់ជាមិនខាន បើជំនាញពាក់ព័ន្ធនៅតែមិនពើបែបនេះ។
ពលរដ្ឋដែលរស់នៅតាមបណ្តោយមាត់ទន្លេតូចនោះ បាននិយាយថា ចាប់តាំងពីទឹកចូលក្នុងទន្លេតូចមកកាលណា ក្រុមអ្នកនេសាទខុសច្បាប់ បានចាប់ផ្តើមដាក់ឧបករណ៍ឈឹបនេសាទត្រី ដែលជាឧបករណ៍នេសាទម្យ៉ាងអាចចាប់ត្រីបានគ្រប់ប្រភេទទោះបីជាត្រីទើបតែញាស់ក៏ចាប់បានដែរ ដោយចាប់បានក្នុង១ថ្ងៃអាចចាប់បានត្រីរាប់តោន។ ប្រជាពលរដ្ឋបានបន្តថា ទន្លេតូចគឺជាច្រកសម្រាប់ត្រីទៅរកកន្លែងពងកូន ប៉ុន្តែគ្មានមេត្រីណាអាចឆ្លងរួចពីឧបករណ៍ឈឹបនេះបានទេ ហើយមិនត្រឹមតែប៉ុណ្ណោះទេ ទោះបីជាត្រីទើបញាស់ក៏ជាប់ដែរ ចំណែកជំនាញមិនដែលឃើញចុះបង្ក្រាបម្តងណាឡើយ។ ពាក់ព័ន្ធការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើនេះ លោក វិត ធារិទ្ធិ នាយខណ្ឌជលផលខេត្តកណ្តាល បានប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦ នេះថា លោក នឹងដឹកនាំកម្លាំងចុះទៅបង្ក្រាបនៅថ្ងៃស្អែក៕