(ត្បូងឃ្មុំ)៖ លោក ខ្វៃ អាទិត្យា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រះធាតុ និងលោក ឡេង ជីវិន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រះធាតុ រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃនាយកដ្ឋានព័ត៌មានភូមិសាស្រ្ត ក្រសួងបរិស្ថាន សមាជិក សមាជិកា ក្រុមការងារចុះមូលដ្ឋាន តំណាងអភិបាលស្រុក ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋជាច្រើននាក់ បានដង្ហែទៀនព្រះវស្សា ទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ និងបច្ច័យ ទៅវេរប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងវត្តសុវណ្ណគីរី (វត្តស្ទឹងអង្កាញ់) ក្នុងភូមិគីឡូ២៧ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាថ្ងៃសៅរ៍ ទី០៥ ខែសីហា ឆ្នាំ២០២៣។
លោក ទ្រី ពៅ ប្រធានក្រុមប្រឹក្សាឃុំព្រះធាតុ បានលើកឡើងថា ក្រុមការងារចុះមូលដ្ឋានគ្រប់ថ្នាក់ តែងតែចូលរួមអនុវត្តន៍គោលនយោបាយរាជរដ្ឋាភិបាល ក្នុងការថែរក្សាសន្តិភាព លើកកម្ពស់ជីវភាព និងអភិវឌ្ឍន៍មូលដ្ឋាន និងជាពិសេសបានចូលរួម ទាំងកម្លាំងកាយ កម្លាំងចិត្ត ព្រមទាំងបរិច្ចាគនូវធនធាន ចូលរួមជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ និងកាសាងនូវសមិទ្ធផលនានាជាច្រើន ទាំងក្នុងពុទ្ធចក្រនិងអាណាចក្រ។
នាឱកាសនោះ លោក ខ្វៃ អាទិត្យា ក៏បានថ្លែងអំណរគុណប្រគេនដល់ព្រះសង្ឃ និងប្រជាពលរដ្ឋនៅឃុំព្រះធាតុ ក៏ដូចជាប្រជាជនកម្ពុជា ដែលបានចេញទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ ហើយបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា និងដែលបានធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះ យ៉ាងត្រចះត្រចង់ ដែលនឹងធាននូវសន្តិភាព ភាពសុខសាន្ត និងការអភិវឌ្ឍ រយៈពេលវែងនៅកម្ពុជា។
សូមបញ្ជាក់ថា ទេយ្យទានដែលប្រគេនព្រះសង្ឃ នាពេលនោះ មាន ទៀនព្រះវស្សា១គូ មី អង្ករ ទឹកត្រី ទឹកស៊ីអ៉ីវ ត្រីខ និង បច្ច័យបួនប្រគេន ព្រះចៅអធិការវត្តក្នុងវត្តសុវណ្ណគីរី ហៅវត្តស្ទឹងអង្កាញ់ ចំនួន ៣៥ម៉ឺនរៀល ព្រះចៅអធិការ ព្រមទាំងព្រះសង្ឃ៥អង្គ ក្នុងមួយអង្គៗ បច្ច័យ ៣ម៉ឺនរៀលផងដែរ។ សរុបថវិកាចំណាយក្នុងពិធីបុណ្យចំនួន២ ៩៥០ ០០០ រៀល ក្នុងនោះថវិកា លោក ខ្វៃ អាទិត្យា ចំនួន ១,៨០០,០០០រៀល។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ក្រុមការងារ អញ្ជើញចូលរួម ជាមួយអាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ និងប្រជាពលរដ្ឋ ដាំកូនឈើប្រណិតចំនួន ៥០ ដើម ជុំវិញបរិវេណវត្តសុវណ្ណគីរី ហៅវត្តស្ទឹងអង្កាញ់ផងដែរ។
លោក ខ្វៃ អាទិត្យា បានលើកឡើងថា ការរៀបចំឲ្យមានការដាំកូនឈើនៅតាមមូលដ្ឋាន គឺដើម្បីផ្សព្វផ្សាយពីសារៈសំខាន់នៃធនធានធម្មជាតិ បង្កើតគម្របបៃតង ចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ការថែរក្សាទេសភាពធម្មជាតិ វប្បធម៌ ការថែរក្សាអនាម័យនៅតាមមូលដ្ឋាន និងចូលរួមចំណែកក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍដោយចីរភាពរបស់កម្ពុជា៕