(ភ្នំពេញ)៖ លោកសាស្រា្តចារ្យ សុខ ជួរ ប្រធានសមាគមគ្រូពេទ្យបេះដូងកម្ពុជា នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣នេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ឲ្យមានការអនុវត្ដចំណីអាហារឲ្យបានល្អ ដោយកុំហូបចំណីអាហារណា ដែលមានជាតិប្រៃខ្លាំង, ផ្អែមខ្លាំង និងអាហារដែលគេចម្អិនស្រាប់ ដែលវាសំបូរទៅដោយជាតិខ្លាញ់ ជាពិសេសបញ្ឈប់ការជក់បារី ដើម្បីបង្ការជំងឺបេះដូងសសៃឈាម។
ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកសាស្រា្តចារ្យ សុខ ជួរ អញ្ជើញចូលរួម ក្នុងសន្និសីទវេជ្ជសាស្ដ្រប្រចាំឆ្នាំលើកទី៧ នៃសមាគមគ្រូពេទ្យបេះដូងកម្ពុជា ក្រោមប្រធានបទ «Innovation In Cardiovascular Therapy In Modern Era» នៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣។
លោកសាស្រា្តចារ្យ សុខ ជួរ បានបញ្ជាក់យ៉ាងដូច្នេះថា «ជំងឺបេះដូងសសៃឈាម គឺអាចកាត់បន្ថយបាន ដោយមិនចំណាយថវិកាទេ បើសិនជាអនុវត្ដចំណីអាហារឲ្យបានល្អ ដោយកុំពិសារចំណីអាហារ ដែលមានជាតិប្រៃពេក, ផ្អែមពេក, និងអាហារដែលគេចម្អិនហើយស្រាប់ ដែលវាសំបូរទៅដោយជាតិខ្លាញ់ ជាពិសេសបញ្ឈប់ការជក់បារី»។
បើតាមប្រធានសមាគមគ្រូពេទ្យបេះដូងកម្ពុជា, បច្ចុប្បន្ននេះ ជំងឺបេះដូងសសៃឈាម ជាពិសេសជំងឺមិនឆ្លង មានការកើនឡើងគួរឲ្យកត់សម្គាល់ ប្រមាណ៨០% ក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ ដោយឡែក នៅក្នុងប្រទេសកម្ពុជា អត្រាស្លាប់ដោយសារជំងឺមិនឆ្លង មានចំនួន៤៦%។
លោកសាស្រា្តចារ្យ សុខ ជួរ បានគូសបញ្ជាក់ថា ការកើនឡើងនូវជំងឺមិនឆ្លង ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ គឺដោយសារមកពីការផ្លាស់ប្ដូររបបចំណីអាហារ និងការផ្លាស់ប្ដូរការរស់នៅរបស់ប្រជាពលរដ្ឋ។
លោកសាស្រា្តចារ្យ សុខ ជួរ បានឲ្យដឹងថា សន្និសីទវេជ្ជសាស្ដ្រប្រចាំឆ្នាំនេះ ធ្វើឡើងក្នុងគោលបំណងចែករំលែក នូវបទពិសោធន៍របស់វេជ្ជបណ្ឌិតឯកទេសបេះដូងកម្ពុជា និងនាំយកមកនូវការអភិវឌ្ឍន៍ថ្មីៗ នៃវិជ្ជាសាស្ដ្រឯកទេសបេះដូងមកចែករំលែក ដើម្បីលើកកម្ពស់សមត្ថភាព និងចំណេះដឹងនៃវេជ្ជបណ្ឌិតឯកទេសបេះដូង ឲ្យបាននូវប្រសិទ្ធភាពនៃការព្យាបាលជំងឺ និងការថែទាំសុខមាភាពរបស់ប្រជាពលរដ្ឋ។
បន្ថែមពីនោះទៀត លោកសាស្រា្តចារ្យ សុខ ជួរ បានលើកឡើងថា សន្និសីទវេជ្ជសាស្ដ្រនេះ ក៏មានទិសដៅស្របតាមគោលនយោបាយ របស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ដែលបានយកចិត្ដទុកដាក់ ក្នុងការឆ្លើយតបទៅនឹងការកើនឡើងនូវ ជំងឺមិនឆ្លង ជាពិសេសជំងឺបេះដូង និងសសៃឈាម ក្នុងប្រទេសកម្ពុជា។
លោកសាស្រា្តចារ្យ សុខ ជួរ សង្ឃឹមថា តាមរយៈសន្និសីទវេជ្ជសាស្ដ្ររបស់សមាគមគ្រូពេទ្យបេះដូងកម្ពុជានេះ ក្រុមគ្រូពេទ្យកម្ពុជា នឹងទទួលបាននូវចំណេះដឹងថ្មីៗបន្ថែម និងចែករំលែកនូវបទពិសោធន៍រវាងគ្នា ដើម្បីយកចំណេះដឹងទាំងនេះ ទៅបម្រើប្រជាពលរដ្ឋកម្ពុជា ឲ្យបានកាន់តែល្អប្រសើរ។
ក្នុងឱកាសនោះ លោកសាស្រ្ដាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលគណៈគ្រូពេទ្យកម្ពុជា ក៏បានថ្លែងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់សមាគមគ្រូពេទ្យបេះដូងកម្ពុជា និងប្រាប់ដល់ក្រុមគ្រូពេទ្យទាំងអស់ ត្រូវអនុវត្ដឲ្យខ្ជាប់ខ្ជួន នូវក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យ ដែលមានតួនាទីសំខាន់ ក្នុងការព្យាបាលអ្នកជំងឺ។
សូមជម្រាបថា សមាគមគ្រូពេទ្យបេះដូងកម្ពុជា បង្កើតឡើងក្នុងឆ្នាំ២០១៤ និងតែងតែរៀបចំឡើង នូវសន្និសីទវេសាស្ដ្រនេះ ជារៀងរាល់ឆ្នាំ លើកលែកតែចន្លោះឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ដោយសារតែវិបត្ដិជំងឺកូវីដ-១៩។
រហូតមកដល់ពេលនេះ សមាគមគ្រូពេទ្យបេះដូងកម្ពុជា មានសមាជិកសកម្ម ដែលជាវេជ្ជបណ្ឌិតឯកទេស បេះដូងចំនួន១៣០នាក់ និងមានសមាជិកកិត្ដិយសដែលជាវេជ្ជបណ្ឌិតជំងឺទូទៅ និងមុខជំនាញផ្សេងៗ ចំនួន១០០នាក់៕