(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជួយសម្រាល ការលំបាកដល់ប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ១២៤គ្រួសារ រស់នៅភូមិចំនួន៩ មកពីឃុំចំនួន២ ស្រុកស្រែអំបិល ខេត្តកោះកុង។

ពិធីសំណេះសំណាល និងចែកអំណោយមនុស្សធម៌នេះ បានធ្វើឡើងនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ក្រោមវត្តមានវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ និងលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង និងមានការចូលរួមពីក្រុមប្រតិបត្តិសាខា-អនុសាខា អាជ្ញាធរនៅក្នុងស្រុកស្រែអំបិលផងដែរ។ ពិធីនេះប្រព្រឹត្តទៅនៅក្នុងបរិវេនសាលាបឋមសិក្សាព្រះអង្គកែវ។

ជាមួយគ្នានេះ លោកវេជ្ជ. អ៊ុយ សំអាត បានពាំនាំប្រសាសន៍សួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងកោតសរសើរចំពោះ ថ្នាក់ដឹកនាំ ក្រុមប្រតិបត្តិសាខា-អនុសាខាខេត្តកោះកុង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានអនុវត្តនូវអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ក្នុងការគិតគូរពីជីវភាពរស់នៅ និងសុខភាពរបស់បងប្អូនពុកម៉ែមាមីង លោកយាយលោកតា ទាំងអស់ និងបានជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតផងដែរ។

ក្នុងឱកាសនោះ លោកវេជ្ជ. អ៊ុយ សំអាត បានថ្លែងថា «ខ្ញុំបានទទួលរបាយការណ៍ពីសាខានៅពេលថ្មីនេះមានគ្រោះធម្មជាតិដោយជំនន់ទឹកភ្លៀងដែលផ្តល់ផលប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ ផ្ទះសម្បែង ស្រែចំការរបស់បងប្អូនប្រជាពលរដ្ឋ និងស្របតាមអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន សូមតាមដានឲ្យបានម៉ត់ចត់ ចំពោះប្រជាពលរដ្ឋដែលរងគ្រោះធម្មជាតិនៅក្នុងរដូវវស្សានេះ។ លោកបានណែនាំដល់ក្រុមប្រតិបត្តិសាខា-អនុសាខា យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា សូមចុះឈ្មោះក្នុងប្រព័ន្ធ១២៩៤ ដើម្បីទទួលដំណឹងពីគ្រោះមហន្តរាយផ្សេងៗ និងអាចត្រៀមបង្កាជាមុនបាន ដើម្បីទទួលបានសុវត្ថិភាពទាំងអស់គ្នា»។

ជាមួយគ្នានេះ លោកស្រី មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង តំណាងឲ្យប្រជាពលរដ្ឋនៅក្នុងខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុក្ខដាក់ដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងនាំយកអំណោយមកចែកជូនបងប្អូននាពេលនេះ ដើម្បីសម្រួលការលំបាក និងសូមបួងសួងដល់វត្ថុស័កសិទ្ធិក្នុងលោក សូមប្រទានពរជ័យជូន បងប្អូន និងក្រុមការងារទាំងអស់ ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ទទួលនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា អំណោយកាកបាទក្រហមកម្ពុជា ដែលទទួលបានពីសប្បុរសជនក្នុងឱកាសទិវា ៨ ឧសភា ជូនគ្រួសារនីមួយៗនូវ៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ១យួរ, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់។ កាកបាទក្រហមកម្ពុជា រួមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានផ្តល់ថវិកាមួយចំនួន ជូនចាស់ជរា ស្ត្រីមានកូនតូច និងកុមារមួយចំនួន៕