(ស្វាយរៀង)៖ លោក សម តារា បេក្ខជនតំណាងរាស្ត្រមណ្ឌលស្វាយរៀង និងលោកស្រី ព្រមទាំងក្រុមការងារ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣នេះ បាននាំទៀនព្រះវស្សា និងទេយ្យទាន ព្រមទាំងបច្ច័យមួយចំនួនប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៣វត្ត គឺវត្តពោធិ៍ម្អម វត្តត្នោត វត្តព្រៃរបឹស ស្ថិតនៅក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

ពិធីប្រគេនទៀនព្រះវស្សានេះមានការចូលរួមពីលោក ប៊ុន សាវ៉ាន់ បេក្ខជនបម្រុងតំណាងរាស្ត្រមណ្ឌលស្វាយរៀង លោក សុខ រស់ អភិបាលរងខេត្តស្វាយរៀង និងលោកអភិបាលស្រុកកំពង់រោទិ៍ និងអាជ្ញាធរដែនដី ពុទ្ធបរិស័ទជាច្រើននាក់ផងដែរ។

លោក សម តារា បានថ្លែងផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀង ដែលសម្ដេចទាំងទ្វេតែងតែគិតគូរនិងនឹករលឹកដល់ប្រជាពលរដ្ឋនៅខេត្តស្វាយរៀង ជាពិសេសនារដូវចូលព្រះវស្សានេះសម្ដេចទាំងទ្វេតែងតែគិតគូរអំពីសុខទុក្ខរបស់ព្រះសង្ឃ និងចាត់ឲ្យក្រុមការងារយកទៀនព្រះវស្សា និងទេយ្យទានប្រគេនដល់ព្រះសង្ឃតាមវត្តអារាមនានាផងដែរ។

លោកបានបញ្ជាក់ថា ការចូលព្រះវស្សាគឺជាបុណ្យមួយដែលមានសារសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេរបានរៀនធម៌ និងវិន័យឱ្យបានខ្ជាប់ខ្ជួនតាមពុទ្ធឱវាទរយៈពេល៣ខែ ចាប់ផ្តើមពីថ្ងៃ១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ។ ការប្រគេនទៀនព្រះវស្សាព្រមទាំងគ្រឿងឧបភោ បរិភោគ និងបច្ច័យយកមកវេរប្រគេនព្រះសង្ឃនាពេលនេះ ដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺបូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីរធម៌ វិន័យព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង។

លោកបានបន្តថា ជា​ការ​ពិត​ណាស់​ការ​រីក​ចម្រើន​របស់​ពុទ្ធ​ចក្រ​ និង​អាណា​ចក្រ​ត្រូវ​ដើដើរទន្ទឹមគ្នានឹង​ផ្តល់​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​​ជា​ការ​ចាំ​បាច់​ ជាក់​ស្តែង​ព្រះ​ពុទ្ធ​សាសនា​បាន​រួម​ចំណែក​យ៉ាងច្រើន​ក្នុង​ការ​លើក​កម្ពស់​ការ​អប់រំ​សីលធម៌​ សង្គម​ និងបានធ្វើឲ្យមានសន្តិភាពគឺសន្តិភាពទាំងផ្លូវចិត្តនិងផ្លូវកាយ ព្រមទាំងបានកសាង​សមិទ្ធ​ផល​ផ្សេងៗ​ជូន​សង្គម​ជាតិ​ទាំង​មូលផងដែរ។

លោក សម តារា បានថ្លែងបន្តថា ក្នុងនាមសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សូមថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទាំងអស់នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដែលបានចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ដែលធ្វើឲ្យចំនួនអ្នកចូលរួមបោះឆ្នោតមានប្រមាណជាង៨៤ភាគរយ ដែលចំនួននេះចាត់ទុកគឺជាចំនួនដ៏ច្រើនលើសលប់ដែលប្រជាពលរដ្ឋបានយល់ដឹងអំពីលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជាដែលខេត្តស្វាយរៀងគណបក្សប្រជាជនកម្ពុជា ទទួលបាន៥អាសនៈលើ៥អាសនៈ ហើយពេលខាងមុខនេះលោកបណ្ឌិត ហ៊ុន ម៉ាណែត និងធ្វើជានាយករដ្ឋមន្ត្រីបន្តវេន ដើម្បីនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ទៀត។

សូមបញ្ជាក់ថា លោក សម តារា បានប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុសរុបបច្ច័យ៦លានរៀលក្នុង១វត្តផងដែរ៕