(ក្រចេះ)៖ ពលរដ្ឋជាង៣៥០នាក់ មកពីភូមិចំនួន៣ បានលើកគ្នាទៅដុតបំផ្លាញស្នាក់ការតំបន់ប្រើប្រាស់ច្រើនយ៉ាងសរសរស្តម្ភសត្វតោ ស្ថិតនៅភូមិស្រែជិះ ឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ ដោយខឹងមន្រ្តីបរិស្ថានចាប់ម៉ាស៊ីនអារឈើរបស់ពួកគាត់ក្នុងតំបន់ការពារ។
របាយការណ៍ពីអធិការដ្ឋាននគរបាលស្រុកអូរគ្រៀងសែនជ័យ បញ្ជាក់ថា ប្រជាពលរដ្ឋចំនួន៣ភូមិ រួមមភូមិស្រែជិះ ភូមិររៀង និងភូមិអំពក ឃុំស្រែជិះ មានគ្នាសរុបប្រហែលជាង៣៥០នាក់ បាននាំគ្នាបុកចូលទៅដុតបំផ្លាញ កន្លែងបរិស្ថានសរសរស្តម្ភ។
ហេតុការណ៍ដែលបង្កឲ្យមានហិង្សារហូតឈានដល់ការដុតបំផ្លាញទីស្នាក់ការបរិស្ថានខាងលើនេះ ត្រូវបានគេអះអាងថា មកពីក្រុមប្រជាពលរដ្ឋខឹងសម្បារជាមួយមន្រ្តីបរិស្ថានដែលបានចុះអនុវត្តចាប់បង្ក្រាបម៉ាស៊ីនត្រង់ស៊ីន័រ និងកាំបិតរបស់ពួកគាត់ដែលអារឈើធ្វើរបងស្រែ និងអារឈើរោងដាំបាយ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣។
លោកបញ្ជាក់ទៀតថា ការដែលពលរដ្ឋលើកគ្នាទៅដុតបំផ្លាញស្នាក់ការបរិស្ថាននោះ មានបុគ្គល២នាក់ជាអ្នកដឹកនាំគឺឈ្មោះ ក្លូ និងម្នាក់ទៀតឈ្មោះ រ៉ា ទី ហើយឈ្មោះ រ៉ា ទី នេះ មានតួនាទីជាអនុប្រធានសហគមន៍ព្រៃឈើទៀតផង ហើយបុគ្គលរូបនេះ ជាអ្នកឲ្យទៅអារឈើក្នុងតំបន់ការពារនោះតែម្ដង។
លោកប្រធានបានបញ្ជាក់ទៀតថា ពលរដ្ឋទាំងនោះបានដុតបំផ្លាញខូចខាតអស់ស្នាក់ការបរិស្ថានចំនួន១ខ្នង រោងស្នាក់នៅ និងឈើជាវត្តុតាងដែលបង្រ្កាបបានកន្លងមក ត្រូវបានពួកគាត់ដុតបំផ្លាញចោលអស់ផងដែរ។
យ៉ាងណាក៏ដោយ ករណីផ្ទុះហិង្សារហូតមានការដុតបំផ្លាញទីស្នាក់ការបរិស្ថាននេះ គេនៅមិនដឹងពីដំណោះស្រាយ ឬវិធានការផ្លូវច្បាប់យ៉ាងណានៅឡើយទេ៕