(កែប)៖ លោក គីវ សាឌុំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកែប បានបញ្ជាក់ថា ដំណាក់កាលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានប្រព្រឹត្តទៅដោយរលូន ប្រកបដោយ សេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព មានសុវត្ថិភាពពេញលេញ និងមានប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោត ចំនួន ២៥.៩២២នាក់ ស្មើនឹង ៩១,៩៣% ពុំមានការប្តឹងតវ៉ា ឬប្តឹងជំទាស់អ្វីឡើយ។
លើកឡើងបញ្ជាក់ដូច្នេះរបស់ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកែប ក្នុងសន្និបាតបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នារសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ នៅសាលាខេត្តកែប ក្រោមអធិបតីភាពលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត និងលោក គីវ សាឌុំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូប។
លោក គីវ សាឌុំ បានថ្លែងថា «ភាពជោគជ័យទាំងនេះ ជាសក្ខីភាពមួយបញ្ជាក់ឱ្យឃើញការសហការគាំទ្រអស់ពីកម្លាំងកាយចិត្ត និងសម្ភាររបស់លោក លោកស្រី ថ្នាក់ដឹកនាំអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ទាំង៣ប្រភេទ អស់លោក លោកស្រី ដែលជាមន្ត្រី នៃគណៈកម្មការរៀបចំការបោះឆ្នោតតាំងពីថ្នាក់ខេត្ត រហូតដល់ថ្នាក់ការិយាល័យបោះឆ្នោត»។
នាឱកាសនោះ លោកអភិបាលខេត្ត សោម ពិសិដ្ឋ បានលើកឡើងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មានគណបក្សនយោបាយ ដែលបានចុះបញ្ជីនៅមណ្ឌលបោះឆ្នោតខេត្ត មានចំនួន១០គណបក្ស ដែលមាន១អាសនៈក្នុងរដ្ឋសភា។
ជាលទ្ធផលនៃការបោះឆ្នោត គឺគណបក្សប្រជាជនកម្ពុជា ទទួលបានសម្លេងឆ្នោតគាំទ្រលំដាប់ទី១ ក្នុងចំណោមគណបក្សទាំង១០ នៅខេត្តកែប។ ក្នុងនោះអត្រាពលរដ្ឋចេញមកបោះឆ្នោតមានរហូតដល់ ៩១,៩៣% ដែលលទ្ធផលនេះជាតួលេខដែលខ្ពស់ជាងក្នុងចំណោមបណ្តាខេត្តនានា នៃសន្ទុះពលរដ្ឋចេញមកបោះឆ្នោត។
ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានសម្ដែងនូវការកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ អាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមអនុវត្ត និងគោរពតាមច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធី និងក្រមសីលធម៌សម្រាប់ការបោះឆ្នោត នៅគ្រប់ដំណាក់កាល ធ្វើអោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ប្រព្រឹត្តិទៅដោយរលូនប្រកប ដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ គ្មានអំពើហិង្សា ហើយលទ្ធផលនៃការបោះឆ្នោតនេះ ក៏ត្រូវទទួលស្គាល់ពីគណបក្សនយោបាយនានា ដែលបានចុះបញ្ជីចូលរួមប្រកួតប្រជែងនេះផងដែរ៕