(កែប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា សម្តេចនឹងនិរាករណ៍ចោលទាំងស្រុង ចំពោះគម្រោងទាំងឡាយណា ដែលធ្វើឲ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ក៏ដូចជា ធនធានធម្មជាតិនៅក្នុងខេត្តកែប។
ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលខាងលើនេះ ខណៈដែលសម្តេច បានអញ្ជើញចុះជួបសំណេះ សំណាលជាមួយបងប្អូនមន្រ្តីរាជការ អាជ្ញាធរក្រុមប្រឹក្សាឃុំ សង្កាត់ និងកងកម្លាំងប្រដាប់អាវុធនៅខេត្តកែប នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦នេះ។ ជាមួយគ្នានេះ សម្តេចតេជោ ក៏បានស្នើឲ្យសើរើពិនិត្យគម្រោងវិនិយោគមួយចំនួន ដែលប៉ះពាល់ធនធានធម្មជាតិទាំងនេះ ដូចជា គម្រោងដាំសារ៉ាយក្នុងបាតសមុទ្រ និងគម្រោងប៉ះពាល់ព្រៃកោងកាងជាដើម។
យោងតាម Facebook Page ដែលទើបចេញផ្សាយកាលពីប៉ុន្មាននាទីមុននេះ នារសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្រុងកែបបានផ្លាស់ប្តូរមកជាខេត្តកែបនៅឆ្នាំ១៩៩៣។ យើងសង្កេតឃើញថា ស្ថានភាពផ្លូវថ្នល់ ស្ពាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងខេត្តនេះ គឺមានភាពល្អកាន់តែល្អប្រសើរឡើង។
ជានិច្ចជាកាល សម្តេចតេជោ ហ៊ុន សែន តែងបានផ្សាភ្ជាប់ជីវិតរស់នៅជាមួយប្រជាពលរដ្ឋ ក្មួយៗសិស្សានុសិស្ស កម្មករ កសិករ ព្រោះសុខទុក្ខរបស់បងប្អូនជនរួមជាតិ គឺជាសុខទុក្ខរបស់សម្តេចផ្ទាល់។ នៅខេត្តកែបបញ្ហាទឹកគឺជាបញ្ហាចំបងមួយដែលខេត្តកែប ត្រូវតែយកចិត្តទុកដាក់ដោះស្រាយ។ ទន្ទឹមនឹងនេះ គឺត្រូវស្វែងរកដៃគូអ្នកវិនិយោគ ដើម្បីអភិវឌ្ឍន៌វិស័យទឹកស្អាត អោយបានទាន់ពេលវេលា។ ចំពោះអាកាសចរស៊ីវិលនៅខេត្តកែប គឺត្រូវប្រគល់ទៅឲ្យខេត្តជាអ្នកគ្រប់គ្រងទាំងស្រុង ចាប់ពីពេលនេះតទៅ។
សម្តេចតេជោ បានរំលឹកបញ្ជាក់ដល់អាជ្ញាធរមានសមត្ថកិច្ច ត្រូវបន្តយកចិត្តទុកដាក់ចំពោះសន្តិសុខសណ្តាប់ធ្នាប់ ទប់ស្កាត់គ្រឿងញៀន និងឧក្រិដ្ឋកម្មផ្សេងៗ, កែលម្អរភាពអសកម្ម ខិតខំកសាងអំពើល្អ ផ្តល់សេវាសាធារណៈ ឲ្យមានប្រសិទ្ឋិភាពល្អ (សេវាតម្រូវការចាំបាច់ និងសេវាសំណូមពរនានា) រួមសហការជាមួយគយ រដ្ឋាករ ពន្ឋដារ ប្រមូលចំណូលសម្រាប់ជាតិ។ ត្រូវយកចិត្តទុកដាក់ដោះស្រាយទំនាស់ដីធ្លី ឲ្យបានឆាប់ល្អជូនពលរដ្ឋ ការពារបរិស្ថាន ការពារព្រៃឈើ តំបន់ឆ្នេរ និងធនធានធម្មជាតិ ហើយត្រូវសើរើពិនិត្យគម្រោងវិនិយោគមួយចំនួន ដែលប៉ះពាល់ធនធានធម្មជាតិ ដូចជាគម្រោងដាំសារ៉ាយក្នុងបាតសមុទ្រ និងគម្រោងប៉ះពាល់ព្រៃកោងកាងជាដើម។
សម្តេចតេជោ ហ៊ុន សែន នឹងនិរាករណ៍ចោលទាំងស្រុង ចំពោះគម្រោងទាំងឡាយណា ដែលមានផលប៉ះពាល់ទាំងនោះ។ ទន្ទឹមនឹងនេះ អាជ្ញាធរខេត្តត្រូវសហការល្អ ជាមួយប្រទេសជិតខាង ដើម្បីផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ។ ប្រទេសជាតិរីកចំរើន ទៅបានគឺអាស្រ័យដោយយើងមានសន្តិភាព និងទំនាក់ទំនងការបរទេសល្អ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់មន្រ្តីរាជការ អាជ្ញាធរមានសមត្ថកិច្ច និងបងប្អូនកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានរួមគ្នា យកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ និងដើម្បីកសាងអភិវឌ្ឍន៍ខេត្តកែបនេះ ឲ្យកាន់តែរីកលូតលាស់ខ្លាំងឡើង៕