(កណ្តាល)៖ លោក ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញសួរសុខទុក្ខលោក មួង សុភា ទីប្រឹក្សាក្រសួងការពារជាតិ ដល់គេហដ្ឋាននៅខេត្តកណ្តាល។
លោក ចាយ បូរិន បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា សម្តេច លោក លោកស្រី ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេសលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនលោក មួង សុភា និងក្រុមគ្រួសារ។
លោក មួង សុភា បានថ្លែងថា លោក និងក្រុមគ្រួសារ ពិតជាមានក្តីរំភើបរីករាយយ៉ាងខ្លាំងឥតឧបមា ដោយមិនអាចយកអ្វីមកប្រៀបផ្ទឹមបានឡើយ ហើយយើងខ្ញុំសូមសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេច លោក លោកស្រី ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេសលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានចាត់លោក ចាយ បូរិន ជាតំណាងដឹកនាំ ប្រតិភូមកសួរសុខទុក្ខរូបខ្ញុំ និងក្រុមគ្រួសារដល់លំនៅដ្ឋាន។
លោកមានការពេញចិត្តយ៉ាងខ្លាំងចំពោះសកម្មភាពសួរសុខទុក្ខរបស់យុវជនគណបក្សថ្នាក់កណ្ដាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ ជីវភាពរស់នៅផ្តល់ ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់ចាស់ព្រឹទ្ធាចារ្យទាំងអស់ ដែលមានគុណបំណាច់ ចំពោះគណបក្ស និងប្រទេសជាតិ និងសូមគាំទ្រឱ្យបន្តសកម្មភាពជាប្រពៃណីនេះ ឱ្យបានកាន់តែច្រើនជាបន្តទៀត។
លោកក៏បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងសារនយោបាយពិសេសនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ កន្លងមកនេះ និងបានគាំទ្រយ៉ាងពេញទំហឹង ចំពោះលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីថ្មី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបន្តដឹកនាំប្រទេសជាតិ រក្សាសុខសន្តិភាព មានការអភិវឌ្ឍកាន់តែរីកចម្រើន ហើយប្រជាជនកាន់តែមានជីវភាពធូរធារ និងរស់នៅប្រកបដោយសេចក្តីសុខសាន្តក្រោមម្លប់សន្តិភាព និងសូមចូលរួមអបអរសាទរ ដែលកម្ពុជាទទួលជ័យជម្នះជាប់ឆ្នោត ជាម្ចាស់ផ្ទះរៀបចំសន្និសីទសមាគមកាយប្ញទ្ធិនារីពិភពលោក លើកទី៣៩ នៅឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
លោកបានរៀបរាប់ពីប្រវត្តិការងារថា លោកបានចេញទៅប្រទសវៀតណាមនៅឆ្នាំ១៩៧៦ ហើយបានចូលបម្រើកងទ័ពនៅអង្គភាព១២៥ គណបញ្ជាការ៥៧៨ ដែលមានសមមិត្ត ហ៊ុន សែន ជាមេបញ្ជាការ ជាអ្នកបើកបរ រថយន្តជូនសមមិត្ត ហ៊ុន សែន ចាប់ពីខែកក្កដា ឆ្នាំ១៩៧៨ រហូតដល់ខែកញ្ញា ឆ្នាំ១៩៧៨ ជាមេបញ្ជាការកងអនុសេនាធំលេខ១ ចូលរួមជាមួយកម្លាំងចលនាតស៊ូរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨។
វាយរំដោះប្រជាជនឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃ ៧មករា ១៩៧៩ ហើយទទួលដំណែងជាមេបញ្ជាការយោធាខេត្តកំពង់ចាម ចូលនិវត្តន៍ បច្ចុប្បន្នឧត្តមសេនីយ៍ឯក ទីប្រឹក្សាក្រសួងការពារជាតិ។
ក្នុងឱកាសដ៏មានអត្ថន័យនេះដែរ លោក ចាយ បូរិន បានប្រគល់ជូនវត្ថុអនុស្សារីយ៍ជាអំណោយដ៏ថ្លៃថ្លារបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់លោក មួង សុភា និងសូមជូនពរដល់លោកទទួលបានសុខភាពល្អ ជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយជាប្រការដទៃឡើយ៕