(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ ផ្លូវលំមួយខ្សែដែលមានចម្ងាយ១២គីឡូម៉ែត្រ ពីភូមិអន្លង់ថ្ងាន់លិច ឆ្ពោះទៅកាន់ផ្លូវវាងក្រុង ព្រំប្រទល់ស្រុកមង្គលបុរី និងក្រុងសេរីសោភ័ណ្ឌ ត្រូវបានជួសជុលក្រោមការ ឧបត្ថម្ភរបស់លោក អ៉ិត តារា និងលោក ឡុង សុផល ទីប្រឹក្សាសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
លោក សៃ ឡៅ មេឃុំបត់ត្រង់ បានថ្លែងថា ផ្លូវមួយខ្សែនេះបានបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ១១ភូមិ នៅក្នុងឃុំបត់ត្រង់ ក្នុងនោះ៨ភូមិ ដែលប្រើប្រាស់អចិន្ត្រៃយ៍ រួមជាមួយ៣ភូមិ ក្នុងឃុំ និងប្រើប្រាស់ប្រយោល រួមមាន៖ ឃុំរហាត់ទឹក ឃុំឫស្សីក្រោក និងឃុំបន្ទាយនាង ក្នុងស្រុកមង្គលបុរី ដែលអាចឲ្យពលរដ្ឋប្រើប្រាស់ផ្លូវនេះសម្រាប់ដឹកកសិផល ហើយសិស្សានុសិស្ស និងប្រជាពលរដ្ឋអាចធ្វើដំណើរបានស្រួលផងដែរ។
លោក សៃ ឡៅ បានបញ្ជាក់ទៀតថា ផ្លូវនេះ ត្រូវបានកសាងឡើងតាំងពីឆ្នាំ២០០២ កំឡុងពេលដែលលោកចូលកាន់តំណែងជាមេឃុំម្ល៉េះ។ លោក ពេលនោះផ្លូវខូចពិបាកធ្វើដំណើរ តែបានលោក អ៉ិត ដារា និងលោក ឡុង សុផល ជួយជួសជុលកែលំអរបានជាង៥៥០០ម៉ែត្រ ទើបធ្វើដំណើរស្រួលឡើងវិញ។
ក្នុងនាមលោកជាអាជ្ញាធរជំនួសមុខឲ្យប្រជាពលរដ្ឋ, លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកទាំងពីរ។ ថ្លែងក្នុងឱកាសនោះ លោក អ៉ិត តារា បានលើកឡើងថា តាមសំណើររបស់លោក ផេង វឌ្ឍនា ហៅងើយ ជាអតីតគណបក្សសង្គ្រោះជាតិ ដែលបានមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាថ្មីៗនេះ លោកបានកែលម្អរផ្លូវនេះ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ ដើម្បីឆ្លុះបញ្ចាំងឲ្យឃើញថាគណបក្សប្រជាជនកម្ពុជា មិនដែលសន្យាខ្យល់នោះទេ គឺថា គឺធ្វើតែម្តង។
នៅក្នុងឱកាសនោះ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ក៏ដូចជាសិស្សានុសិស្សទាំងអស់ បានសម្ដែងការសប្បាយរីករាយ និងថ្លែងអំណរគុណសប្បុរសជនដែលបានកសាងជួសជុលផ្លូវនេះផងដែរ។
ជាចុងក្រោយ លោក អ៉ិត តារា ក៏បានជួយម៉ាស៊ីនព្រីន និងកុំព្យូទ័រ Laptop ចំនួន៨គ្រឿង ក្នុងនោះជូនសាលាឃុំ១គ្រឿង ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបត់ត្រង់១គ្រឿង និងសាលាអនុវិទ្យាល័យ បត់ត្រង់១គ្រឿង ថែមថវិកាមួយលានរៀល ជូនសាលាដើម្បីកសាងសាលាផងដែរ៕