(ភ្នំពេញ)៖ ឧបាសិកា កែវ ណាន ដែលត្រូវជាលោកយាយក្មេក របស់នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល បានទទួលមរណភាព ក្នុងជុន្មាយុ៩៩ឆ្នាំ ដោយជរាពាធ នៅម៉ោង២៖៣៣នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣នេះ។
មរណភាពរបស់ ឧបាសិកា កែវ ណាន ជាការបាត់បង់ដ៏ធំធេងនូវអ្នកមានគុណ ជាម្តាយ ម្តាយក្មេក និងជីដូន ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅជាទីបំផុត ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ ដ៏ល្អប្រពៃរបស់ក្រុមគ្រួសារ ដែលកន្លងមកក្នុងឆាកជីវិតរបស់ឧបាសិកា បានខិតខំតស៊ូចិញ្ចឹមបីបាច់ និងអប់រំទូន្មានបុត្រធីតា រហូតក្លាយជាបញ្ញវន្ត និងជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ។
បច្ចុប្បន្នសព ឧបាសិកា កែវ ណាន កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនានៅវត្តលង្កា។ សេចក្តីដូចបានទូលថ្វាយ ប្រគេន និងជម្រាបជូនខាងលើ សូមព្រះរាជាគណៈ ព្រះថេរានុត្ថេរៈ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ញាតិមិត្តជិតឆ្ងាយនៃសពមេត្តាយាង និមន្ត និងអញ្ជើញចូលរួមពិធីបុណ្យ ដោយក្តីអនុគ្រោះបំផុត៕