(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានទទួលជួបសវនាការ និងជម្រាបលា ពីសំណាក់ ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា លោកស្រី ប៊ូ ជាំង គូ ដែលបញ្ចប់អាណត្ដិនៅកម្ពុជា។
ក្នុងជំនួបសវនាការនេះ លោកស្រី ប៊ូ ជាំង គូ បានថ្លែងថា ក្នុងរយៈពេលបំពេញបេសកកម្មការទូត របស់លោកស្រី គឺមានការសប្បាយរីករាយយ៉ាងខ្លាំង ពិសេសមានការពេញចិត្ដ ចំពោះសកម្មភាពរបស់កាកបាទក្រហមកម្ពុជា។ ជាក់ស្ដែងកាលពីប៉ុន្មានឆ្នាំនេះ កម្ពុជាបានជួបប្រទះនឹងបញ្ហាទឹកជំនន់ រដ្ឋាភិបាលរបស់ចិន បានផ្ដល់ជំនួយ១លានដុល្លារ ដែលផ្ដល់ឱកាសដល់ លោកស្រីបានចូលរួមជាមួយនឹង សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចុះចែកអំណោយ និងសួរសុខទុក្ខដល់ប្រជាជន ដែលបានរងគ្រោះនៅតាមបណ្ដាខេត្ដចំនួន៥ ដែលពេលនោះហើយ ដែលលោកស្រី បានស្វែងយល់ពីជីវភាពជាក់ស្ដែងរបស់ប្រជាជន ពីផលប៉ះពាល់ដោយគ្រោះមហន្ដរាយ ពិសេសគឺជនងាយរងគ្រោះ ដូចជាជនពិការ ស្រ្ដីមេម៉ាយ ក្មេងកំព្រាផងដែរ។
លោកស្រីថ្លែងបន្ដថា ក្នុងឱកាសចុះផ្ទាល់ជាមួយ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ជួយដល់ប្រជាជនដែលរងគ្រោះនោះ លោកស្រីបានស្វែងយល់យ៉ាងច្រើនពិសេស លោកស្រី បានកត់សម្គាល់ឃើញថា កេរ្ដិ៍ឈ្មោះរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត គឺត្រូវបានទទួលស្គាល់ និងត្រូវបានស្វាគមន៍យ៉ាងខ្លាំង ពីសំណាក់ប្រជាជននៅតាមបណ្ដាខេត្ដ និងទូទាំងប្រទេស ហើយលោកស្រី ក៏បានធ្វើការថ្លែងអំណរគុណដល់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ដែលតែងតែជួយគាំទ្រដល់សកម្មភាពមនុស្សធម៌ និងជួយសម្របសម្រួលផ្សេងទៀត ពិសេសនោះ គឺទំនាក់ទំនងសកម្មភាពមនុស្សធម៌ របស់សមាគមទាំងពីរផងដែរ។
ជាកិច្ចឆ្លើយតប សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានធ្វើការស្វាមគមន៍ និងថ្លែងអំណរគុណដល់គណៈប្រតិភូ ដែលបានអញ្ជើញមកកាកបាទក្រហមកម្ពុជា និងបានលើកឡើងពីសកម្មភាពការទូត និងមនុស្សធម៌ ពីការចូលរួមរបស់លោកស្រី ដែលបានចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសក្នុងជួយដល់ប្រជាជនងាយរងគ្រោះរបស់កម្ពុជា នៅទូទាំងរាជធានីខេត្ដ។ តាមរយៈសកម្មភាព មនុស្សធម៌នោះដែរ បានស្ដែងចេញពីទឹកចិត្ដរបស់ថ្នាក់ដឹកនាំចិន និងកម្ពុជាផងដែរ ចំពោះមនោសញ្ចេតនា រវាងប្រជាជាតិទាំងពីរ តាមរយៈសមាគមជាតិទាំងពីរ ជាក់ស្ដែងតាមរយៈកិច្ចសហប្រតិបត្ដិការ រវាងសមាគមជាតិទាំងពីរ គឺមានការរីកចម្រើន និងភាពរលូនផងដែរ។
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានថ្លែងបន្ថែមទៀតថា ចាប់ពីឆ្នាំ២០០០ មកទល់ពេលនេះ សមាគមចិន បានផ្ដល់អំណោយជាច្រើនលើក ច្រើនសារមកហើយ ទាំងថវិកា និងសម្ភារៈមួយចំនួន មកដល់ប្រជាជនកម្ពុជា ដូចជា ម៉ាស៊ីនបូមទឹកធំ-តូច រាប់រយគ្រឿង ភួយ មុង រាប់ម៉ឺន និងការជួយជំរុញនូវវិស័យជាច្រើនទៀត ដល់កម្ពុជារហូតមក។
គួរបញ្ជាក់ថា ក្នុងជួបសវនាការ និងជម្រាបលារបស់ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលបានបញ្ចប់អាណត្ដិនៅកម្ពុជា សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានថ្លែងនូវមនោសញ្ចេតនា ក្នុងការចូលរួមរំលែកទុក្ខ ពិសេសតាមរយៈកាកបាទក្រហមចិន ទៅដល់ប្រជាជនចិន ដែលបានរងគ្រោះមហន្ដរាយធម្មជាតិនានាកន្លងមកនេះ ៕