(សេអ៊ូល, កូរ៉េ)៖ លោក គង់ សុធារិទ្ធ អនុប្រធាននាយកដ្ឋានអាស៊ាននៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមន្ត្រីបង្គោល និងលោក សូ ស្រណោះ គ្រូតូរ្យតន្ត្រីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជាសមាជិកគណៈកម្មការតំណាងជាតិ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការមហោស្រពតន្ត្រីអាស៊ាន-កូរ៉េ ឆ្នាំ២០២៣ ពីថ្ងៃទី២-៥ ខែសីហា ឆ្នាំ២០២៣ នៅទីក្រុងសេអ៊ូល (Seoul) សាធារណរដ្ឋកូរ៉េ។
តាមរយៈមូលនិធិកិច្ចសហប្រតិបត្តិការអាស៊ាន-កូរ៉េ បណ្ដាញទូរទស្សន៍ KBS នឹងរៀបចំមហោស្រពតន្ត្រីអាស៊ាន-កូរ៉េ ឆ្នាំ២០២៣ ASEAN-Korea Music Festival 2023 ឬហៅថា ROUND Festival 2023 ដែលនឹងប្រារព្ធធ្វើនៅពហុកីឡដ្ឋាននៃទីក្រុងបានឌុង (Bandung) សាធារណរដ្ឋឥណ្ឌូនេស៊ី នាថ្ងៃទី២០-២១ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ។
បើតាមព័ត៌មានពី លោក គង់ សុធារិទ្ធ ដែលជាមន្ត្រីបង្គោលសម្របសម្រួលកិច្ចការខាងលើ បានឱ្យដឹងថា ប្រទេសជាសមាជិកអាចលើកស្នើ ឬឧទ្ទេសក្រុមតន្ត្រីយុវវ័យតំណាងជាតិរបស់ខ្លួនតាមដែលអាច តែគណៈកម្មការរៀបចំនឹងប្រជុំពិភាក្សាធ្វើការជ្រើសរើសតែ ១ក្រុមប៉ុណ្ណោះ ដែលជាក្រុមតន្ត្រីតំណាងជាតិពីបណ្ដាសមាជិកអាស៊ានទាំងអស់១០ លើកលែងតែប្រទេសឥណ្ឌូនេស៊ី ដែលជាម្ចាស់ផ្ទះ និងប្រទេសកូរ៉េ ដែលជាម្ចាស់មូលនិធិនៃព្រឹត្តិការណ៍នេះ ដែលអាចមានអាទិភាចាត់តាំងក្រុមតន្ត្រី ៤ក្រុមចូលរួម ដូច្នេះជារួមមានក្រុមតន្ត្រីយុវវ័យ សរុបចំនួន ១៧ក្រុម នឹងមកបង្ហាញភាពអស្ចារ្យ ភាពគគ្រឹកគគ្រេង រសជាតិនៃតន្ត្រី និងពណ៌សម្បុរនៃអត្តសញ្ញាណជាតិរបស់ខ្លួន នៅលើឆាកសម្ដែងដ៏ធំនៅក្នុងពហុកីឡដ្ឋាននៃទីក្រុងបានឌុង(Bandung)សាធារណរដ្ឋឥណ្ឌូនេស៊ី។
ដោយឡែក លោក សូ ស្រណោះ ក្នុងនាមសមាជិកគណៈកម្មការតំណាងជាតិ បានប្រាប់បន្ថែមផងដែរថា លោកពិតជាមានក្ដីសោមន្សរីករាយ និងសប្បាយចិត្តក្រៃលែង ដែលត្រូវបានជ្រើសរើសជាសមាជិកគណៈកម្មការតំណាងប្រទេស និងបានចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។
លោកយល់ថានេះជាឱកាសដ៏ប្រសើរសម្រាប់ក្រុមតន្ត្រីយុវវ័យជំនាន់ថ្មី ពិសេសប្អូនៗដែលស្រឡាញ់ ចូលចិត្ត ស្ថិតក្នុងវិស័យតូរ្យតន្ត្រី និងចម្រៀង គួរគប្បីខិតខំឃ្មាតខ្មី យកចិត្តទុកដាក់ ពង្រឹងជំនាញ បង្កើនសមត្ថភាព ឱ្យគុណភាពនៃទេពកោសលរបស់ខ្លួនឡើងដល់កម្រិតមួយ អាចចូលប្រឡូកលើឆាកអន្តរជាតិបាន និងត្រូវចេះរិះរកគំនិតច្នៃប្រឌិតថ្មី ស្របតាមបរិបទសម័យឌីជីថល ទើបយើងដែលមានជាម្ចាស់ស្នាដៃពិត អាចចាប់យកឱកាសបង្ហាញឱ្យពិភពលោក ឬជាតិសាសន៍ដ៏ទៃបានដឹង បានស្គាល់ បានឃើញពីទេពកោសលពិតរបស់ក្រុមតន្ត្រីយុវវ័យកម្ពុជា។
ក្រុមយុវតន្ត្រីតំណាងប្រទេសនីមួយៗ ត្រូវបានចម្រាញ់ ជម្រុះ និងជម្រើស ដោយឆ្លងកាត់ការត្រួតពិពិនិត្យលើលក្ខ័ណ្ឌបច្ចេកទេស សីលធម៌រស់នៅ កេរ្តិ៍ឈ្មោះ ភាពល្បីល្បាញ ស្នាដៃដែលពេញនិយម ក្រោមការប្រជុំពិភាក្សា និងពិគ្រោះយោបល់រវាងតំណាងKBS និងគណៈកម្មការតំណាងជាតិ។
យ៉ាងណាមិញក្រុមតន្ត្រី «One Peace Band» ត្រូវបានជ្រើសរើសជាក្រុមតន្ត្រីតំណាងកម្ពុជា និងមានសិទ្ធិចូលរួមសម្ដែងក្នុងព្រឹត្តិការណ៍ខាងលើ ដែលនឹងប្រារព្ធធ្វើនៅពហុកីឡដ្ឋាននៃទីក្រុងបានឌុង (Bandung) សាធារណរដ្ឋឥណ្ឌូនេស៊ី នាពេលខាងមុខ។ ព្រឹត្តិការណ៍នេះ គឺបានបើកចំហទ្វារនៃចំណងទាក់ទងរវាងមនុស្សនិងមនុស្ស ប្រជាជននិងប្រជាជន វប្បធម៌និងវប្បធម៌ សំខាន់ជាងនេះទៀតគឺបានបង្កើតចំណងរឹងមាំរវាងក្រុមតន្ត្រីយុវវ័យល្បីៗពីបណ្ដាប្រទេសអាស៊ាន ជាមួយកូរ៉េ។
ជាងនេះទៀតលោកបានប្ដេជ្ញាថា នឹងធ្វើការដឹកនាំក្រុមតន្ត្រី One Peace Band ធ្វើការហ្វឹកហាត់ រៀបរៀងស្នាដៃថ្មីរបស់ពួកគេ បង្កើតជាទម្រង់ទស្សនីយភាពនៃការប្រគំតន្ត្រីដ៏ប្រសើរមួយ ដើម្បីចូលរួមបង្ហាញឱ្យពិភពលោកបានដឹងពីសមត្ថភាព ស្គាល់គុណតម្លៃ និងភាពអស្ចារ្យនៃក្រុមតន្ត្រីយុវវ័យកម្ពុជា ក៏ដូចជាការលើកមុខមាត់ និងបង្ហាញកិត្យានុភាពជាតិលើឆាកអន្តរជាតិផងដែរ៕