(កណ្តាល)៖ លោក នាង ភារិទ្ធ អនុប្រធាននាយកដ្ឋានមន្ទីរពេទ្យ និងជាអនុប្រធានក្រុមការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងារក្រសួង ចុះចែកប័ណ្ណបើកបរ និងផ្សព្វផ្សាយច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក ជូនដល់អ្នកបើកបរ រថយន្តដឹកកម្មករនិយោជិត ក្នុងរោងចក្រ QUINT MAJOR INDUSTRIAL CO.,LTD ស្ថិតក្នុងឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងគោលបំណងរួម ចំណែកពង្រឹងសុវត្ថិភាពចរាចរណ៍ សំដៅកាត់បន្ថយគ្រោះថ្នាក់ របស់កម្មករនិយោជិត ក៏ដូចជាកាត់បន្ថយផលប៉ះពាល់ក្នុងសង្គម។
លោក នាង ភារិទ្ធ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ជាឃាតកលាក់មុខ ដែលធ្វើឱ្យប្រជាពលរដ្ឋ កម្មករ-កម្មការិនី ស្លាប់បាត់បង់ជីវិតក្នុងមួយថ្ងៃពី៦-៧នាក់ ហើយតាមរបាយការណ៍របស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឆមាសទី១ ឆ្នាំ២០១៦នេះ មានករណីគ្រោះថ្នាក់ចំនួន១,៩០០លើក មានអ្នកស្លាប់មានចំនួន៩១៩នាក់ ក្នុងនោះមានកម្មករនិយោជិតចំនួន ៤២នាក់ និងរបួស៣,៣០៩នាក់ ដែលភាគច្រើនបណ្តាលមកពី ការបើកបរលើសល្បឿនកំណត់ មិនប្រកាន់ស្តាំ ស្រវឹងស្រា មិនគោរពសិទ្ធិអាទិភាព វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់។
លោកថា «ចំពោះបញ្ហានេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសហការជាមួយក្រសួងការងារ និងក្រសួងពាក់ព័ន្ធដទៃ ធ្វើការអំពាវនាវ ចុះផ្សព្វផ្សាយដល់អ្នកបើក រថយន្តដឹកកម្មករនិយោជិត គប្បីប្រើប្រាស់ប្រភេទរថយន្តឱ្យបានត្រឹមត្រូវ មានរថយន្តតូរីស ឬរថយន្តបឺស, មិនត្រូវដាក់មនុស្សលើដំបូលរថយន្ត, រថយន្តត្រូវមានកៅអីអង្គុយឱ្យបានត្រឹមត្រូវ, អ្នកបើកបរត្រូវមានប័ណ្ណបើកបរគ្រប់គ្នា, រថយន្តត្រូវមានស្លាកលេខ មានវិញ្ញាបនបត្រត្រួតពិនិត្យ ពោលគឺទាំងអ្នកបើកបរ និងរថយន្តត្រូវតែត្រឹមត្រូវ តាមបទប្បញ្ញត្តិច្បាប់កំណត់»។
សូមជម្រាបថា ចំពោះបញ្ហាប្រឈមនេះ បេឡាជាតិរបបសន្ដិសុខសង្គម បានសហការជាមួយក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចុះរៀបចំវគ្គបណ្ដុះបណ្ដាលច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក ដល់អ្នកបើកបររថយន្តដឹកកម្មករនិយោជិត នៅតាមបណ្ដារោងចក្រទូទាំង២៥រាជធានី-ខេត្ត ដែលមានអ្នកបើកបរដឹកកម្មករនិយោជិត ហើយមានអ្នកប្រឡងជាប់ជាស្ថាពរ សរុបចំនួន១,៣៣៩នាក់ និងចែកប័ណ្ណបើកបរបានចំនួន៥៣៨ប័ណ្ណ ក្នុងនោះ នៅរោងចក្រ QUINT MAJOR INDUSTRIAL CO.,LTD បានប្រឡងជាប់ជាស្ថាពរចំនួន៩០នាក់។
ដោយឡែក សម្រាប់គោលដៅបន្ត បេឡាជាតិរបបសន្ដិសុខសង្គម និងអគ្គនាយកដ្ឋានដឹកជញ្ជូន បាននិងកំពុងបណ្ដុះបណ្ដាលច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក ដល់អ្នកបើកបរដឹកកម្មករនិយោជិត ជាបន្តបន្ទាប់ទៀត ដើម្បីត្រៀមប្រឡងយកប័ណ្ណបើកបរ ស្របតាមប្រភេទយានយន្តបានចំនួន៨៦២នាក់ ថែមទៀត៕