(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣នេះ បានច្រានចោលការចុះផ្សាយលើបណ្តាញ សង្គមអំពីការបើកល្បែងស៊ីសងខុសច្បាប់ក្នុងភូមិសាស្ត្រឃុំដារ ស្រុកមេមត់។
រដ្ឋបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានខាងលើ រដ្ឋបាលខេត្តត្បូងឃ្មុំ បានចាត់វិធានការស្រាវជ្រាវករណីនេះជាបន្ទាន់ពុំបង្អង់ដោយចាត់អោយស្នងការដ្ឋាននគរបាលខេត្ត សហការជាំមួយនឹងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យ ស្រាវជ្រាវ ស្វែងរកការពិតលើព័ត៌មានខាងលើនេះ ដើម្បីស្វែងរកភស្តុតាងឱ្យបានគ្រប់ជ្រុងជ្រោយ ជាក់លាក់ និងច្បាស់លាស់ដល់ទីតាំងកាស៊ីណូក្លូប៊ល៦៩ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការចាត់វិធានការស្របតាមនីតិវិធីច្បាប់ ក៏ដូចជាដើម្បីបកស្រាយជូនសាធារណជនអោយបានយល់ច្បាស់លើបញ្ហាខាងលើនេះ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តសូមជម្រាបជូនសាធារណជនអោយបានជ្រាបថា រដ្ឋបាលខេត្តតែងតែយកចិត្តទុកដាក់អនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពបង្ការ ទប់ស្កាត់ និងបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ បទល្មើសនានាផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំតាំងពីដើមរៀងមក ជាក់ស្តែងរដ្ឋបាលខេត្ត
បានដាក់ចេញនូវវិធានការតាមរយៈលិខិតលេខ ០៤១/២២ គបងខំ.តឃ ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ស្តីពីចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ព្រមទាំងបទល្មើសផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងលិខិតលេខ ០២៩/២៣ គបឯខ.តឃ ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ស្ដីពីការចាត់វិធានការបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទតាមប្រព័ន្ធអនឡាញ(Online)ដើម្បីរក្សាបាននូវសេចក្តីសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ។
ក្នុងន័យខាងលើនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ សូមថ្លែងអំណរគុណចំពោះព័ត៌មានខាងលើ និងសូមលើកទឹកចិត្តដល់អ្នកសារព័ត៌មាន មេត្ដាផ្តល់កិច្ចសហការជាមួយរដ្ឋបាលខេត្ត ដើម្បីបន្តរកការពិត សំដៅធ្វើការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសល្បែងស៊ីសងក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំឱ្យមានប្រសិទ្ធភាព ស្របតាម
ប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅ និងពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាពដើម្បីធានារក្សាបាននូវសន្តិសុខ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋរស់នៅយ៉ាងសុខដុមរមនា។
ដូចនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ រង់ចាំទទួលកិច្ចសហការពីបណ្ដាញសារព័ត៌មានដែលបានផ្សព្វផ្សាយព័ត៌មានខាងលើនេះ ដើម្បីជាធាតុចូលំបន្ថែមទៀតក្នុងការចុះស្រាវជ្រាវស្វែងរកព័ត៌មានពិតលើករណីនេះសម្រាប់សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តត្បូងឃ្មុំ ឈានទៅរកការបញ្ជាក់ការពិតជូនសាធារណជន ជៀសវាងការភ័ន្តច្រលំនានាលើការខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ៕