(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣នេះ បានចេញមកច្រានចោលព័ត៌មានប្រឌិតថា មួយថ្ងៃមានអ្នកឆ្លងជំងឺអេដស៍ជាង១,០០០នាក់ នៅកម្ពុជា។
ការចេញមកច្រានចោលរបស់អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ បានធ្វើឡើងក្រោយមានការចែកចាយនៅតាមបណ្ដាញសង្គម Facebook ដែលគ្មានមូលដ្ឋានច្បាស់លាស់ ដោយបំភាន់ថា មួយថ្ងៃនៅកម្ពុជា មានអ្នកឆ្លងជំងឺអេដស៍ជាង១,០០០នាក់។
លោកស្រី ឱ វណ្ណឌីន បានធ្វើការឆ្លើយតបយ៉ាងដូច្នេះថា «ព័ត៌មានខាងលេីនេះ ជាព័ត៌មានមិនពិតទេ ក្រសួងសុខាភិបាល សូមច្រានចោលទាំងស្រុង ហេីយសូមម្ចាស់គណនីដែលបានផ្សាយនេះ បញ្ឈប់ការផ្សាយបែបនេះតទៅទៀត។ សូមបងប្អូនសាធារណជនជ្រាប និងចូលរួមទប់ស្កាត់ការផ្សាយបែបបំភ័ន្តមិនពិតនេះផង»។
ជាមួយគ្នានេះ លោកស្រី ឱ វណ្ណឌីន ក៏បានបង្ហាញនូវសេចក្តីប្រកាសព័ត៌មានរួមគ្នា រវាងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍, មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សេីស្បែក និងកាមរោគ និងអង្គការយូអ៉ិនអេដស៍ (UNAIDS) ដែលបានចេញផ្សាយកាលពីខែមេសា ឆ្នាំ២០២៣ ពាក់ព័ន្ធជំងឺអេដស៍នេះផងដែរ។
សេចក្ដីប្រកាសរួមនោះ បានឲ្យដឹងថា នៅចុងឆ្នាំ២០២២ កម្ពុជាមានមនុស្សប្រមាណ ៧៦,០០០នាក់ (៦៣,០០០-៨៥,០០០) កំពុងផ្ទុកមេរោគ អេដស៍ ហើយក្នុងនោះ ៧៤,០០០នាក់ (៦១,០០០-៨៣,០០០) ជាមនុស្សពេញវ័យ ដែលមានអាយុចាប់ ពី ១៥ឆ្នាំឡើងទៅ និងប្រហែល២,០០០ (១,៦០០-២,៤០០)។ កុមារ (០-១៤ ឆ្នាំ)។ ៨៦% នៃអ្នកផ្ទុកមេរោគអេដស៍ទាំងអស់បានដឹងពីស្ថានភាពមេរោគអេដស៍របស់ពួកគេ ហើយបានប៉ាន់ស្មានថា មនុស្ស ១១,០០០នាក់ មិនដឹងថាពួកគេកំពុងផ្ទុកមេរោគអេដស៍នៅឡើយ៕