(សៀមរាប)៖ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣នេះ លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប និងដឹកនាំក្រុមការងារ នាំយកនូវគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន មកប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅក្នុងវត្តប្រាសាទគោកចក ស្ថិតនៅសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

ក្នុងឱកាសនោះ លោក លី សំរិទ្ធ បានលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព ស្ថិរភាព នយោបាយ និងការអភិវឌ្ឍ លើគ្រប់វិស័យ មិនតែប៉ុណ្ណោះបានធ្វើឲ្យខឿនសេដ្ឋរីកចម្រើនរឹងមាំ ហើយរាជរដ្ឋាភិបាល បានបើកទូលាយខាងជំនឿសាសនា និងបានធ្វើអ្វីៗ គ្រប់បែបយ៉ាង ដើម្បីប្រជាពលរដ្ឋដោយគ្មាន ការបែងចែកពីជំនឿ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។ ទន្ទឹមនិងការបើកទូលាយលើជំនឿសាសនានេះដែរ សមិទ្ធផលយ៉ាងច្រើនក៏ត្រូវបានកើតឡើងដោយសារតែជំនឿសាសនានេះដែរ ដើម្បីតម្កល់ទុកក្នុងវិស័យសានា សម្រាប់ជាទីសក្ការៈបូជាដល់កូនចៅជំនាន់ក្រោយៗទៀត។

លោក លី សំរិទ្ធ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ព្រះសង្ឃគ្រប់អង្គ រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្តប្រាសាទគោកចកទាំងអស់ ដែលបានដែលបាននិមន្ត និងអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ គឺបានបំពេញកាតព្វកិច្ច ជាពលរដ្ឋល្អ ក្នុងការជ្រើសរើសអ្នក ដឹកនាំប្រទេសជាតិ ប្រកបដោយគុណធម៌ និងសមត្ថភាព ដើម្បីដឹកនាំប្រទេសជាតិ ឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍន៍ លើគ្រប់វិស័យបន្តទៀត។

ព្រះគ្រូព្រះគ្រូវិចិត្រវង្សា ញាតិធម្មោ ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក មានសង្ឃដីកាថា ព្រះសង្ឃនៅគ្រប់ទីវត្តអារាមទូទាំងប្រទេស គោរពប្រពៃណីសាសនាព្រះពុទ្ធ ត្រូវចូលកាន់ព្រះវស្សា ក្នុងរយៈពេលអស់មួយត្រីមាស ដែលព្រះសង្ឃគង់ចាំព្រះវស្សា។

ព្រះគ្រូព្រះគ្រូវិចិត្រវង្សា ញាតិធម្មោ ហែម គឹមសាន បានបញ្ជាក់ថា បុណ្យចូលព្រះវស្សា ត្រូវបានប្រាព្វធ្វើឡើងតាមព្រះវិន័យ ដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិឡើង ដើម្បីឲ្យព្រះសង្ឃសាវ័កគ្រប់អង្គប្រតិបត្តិតាម ដែលមានរយៈពេល៣ខែ ពោលគឺចាប់ថ្ងៃ១រោចខែអាសាធ ដល់ទី១៥កើតខែអស្សុជ តាមទម្លាប់របស់ពុទ្ធបរិស័ទ ពេលចូលដល់បុណ្យចូលព្រះវស្សានេះ តែងតែនាំយកនូវទេយ្យទាន ដូចជា៖ អង្ករ ទៀន ធូប ប្រេង ស្បង់ចីវរ សំពត់ សាដក និងគ្រឿងសម្ភារៈដ៍ទៃទៀត ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាតាមវត្តអារាម ដើម្បីផ្គត់ផ្គង់ក្នុងកំឡុងពេលនៃការចូលបុណ្យព្រះវស្សានេះផង ដែរ៕