(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោគ ខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការស្តីទី កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងលោកស្រី H.E Mrs(Dr) Deyani Uttam Khobragade អគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនពិសេសបំប៉នជំនាញកាំភ្លើងធំ ឆ្នាំ២០២៣ ដែលវគ្គហ្វឹកហ្វឺននេះ បានជួយឧបត្ថម្ភដោយយោធាចារ្យឥណ្ឌា។
ថ្លែងក្នុងពិធីបិទវគ្គនោះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានសម្តែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល ដែលកម្មសិក្សាការី ក្នុងវគ្គបំប៉នជំនាញកាំភ្លើងធំសម្រេចបាន ក្នុងរយៈពេល៣ខែកន្លងមក បានខិតខំសិក្សារៀនសូត្រ ហាត់ពត់លត់ដំ តស៊ូជម្នះរាល់ការលំបាក និងទទួលបានជោគជ័យគួរជាទីមោទនៈ។
លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានថ្លែងអំណរគុណដល់ប្រទេសឥណ្ឌា ដែលបានជួយកម្ពុជាចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករាឆ្នាំ ១៩៧៩ ក្នុងនោះឥណ្ឌា ក៏បានបញ្ជូនកងទ័ពជាច្រើននាក់ មកចូលរួមក្នុងថែរក្សាសន្តិភាពនៅក្នុងប្រទេសកម្ពុជាក្នុង ឆ្នាំ១៩៩៣។ លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះយោធាចារ្យ កម្មសិក្សាការីទាំងអស់ ដែលបានខិតខំហ្វឹកហ្វឺនរៀនសូត្រ ពង្រីកបាននូវសមត្ថភាព បច្ចេកទេស ដើម្បីចូលរួមចំណែកក្នុងការកសាងធនធានមនុស្ស កងទ័ពជើងគោក ឲ្យកាន់តែមានការរីកចម្រើន ក្នុងបុព្វហេតុការពារអធិបតេយ្យ បូរណភាពទឹកដីកម្ពុជាឲ្យបានគង់វង្ស។
លោកបានចាត់ទុក លទ្ធផលដែលវគ្គហ្វឹកហ្វឺនទទួលបាននាពេលនេះ គឺជាលទ្ធផលផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការ ដែលបានចុះហត្ថលេខា ដោយកងទ័ពជើងគោក ប្រទេសទាំងពីរ កាលពីខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅ។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានផ្តាំផ្ញើដល់យោធាចារ្យ និងកម្មសិក្សាការីទាំងអស់ត្រូវស្មោះត្រង់ និងការពារឲ្យបានដាច់ខាតនូវរាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ និងរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ដឹកនាំដោយលោក បណ្ឌិត ហ៊ុន ម៉ាណែត ដែលបានកើតចេញពីការបោះឆ្នោតដោយត្រឹមត្រូវ សេរី និងយុត្តិធម៌ ស្របតាមលទ្ធិប្រជាធិបតេយ្យ។ ត្រូវយកចិត្តទុកដាក់ ត្រៀមកម្លាំង មធ្យោបាយ សម្ភារៈដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋចេញពីគ្រោះមហន្តរាយផ្សេងៗ និង បង្កបង្កើនផលដល់ប្រជាពលរដ្ឋ ដែលស្ថិតនៅជិតទៅតាំងរបស់ខ្លួន។
ក្នុងមតិស្វាគមន៍ និងរបាយការណ៍ ហ្វឹកហ្វឺន របស់លោកឧត្តមសេនីយ៍ឯក ពៅ សុខា មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ បានបញ្ជាក់ថា ដោយមានកិច្ចសហប្រត្តិបត្តិការជាមិត្តភាព រវាងកម្ពុជា និងកងទ័ពឥណ្ឌាបញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក បានបើកហ្វឹកហ្វឺនពិសេសបំប៉នជំនាញថ្នាក់កងអនុសេនាធំកាំភ្លើងធំ ឆ្នាំ២០២៣ថ្នាក់កាំភ្លើធំ 122mm-D30 និង ថ្នាក់កាំភ្លើងធំ 130mm-M46 ដែលវគ្គហ្វឹកហ្វឺននេះ បានប្រព្រឹត្តទៅបានដោយជោគជ័យ ដោយបានការយកចិត្តទុកដាក់ពីសំណាក់ នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត ទាំងស្មារតី ថវិកា ប្រេងឥន្ទនៈ តាមរយៈលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការស្តីទី កងទ័ពជើងគោក។
លោកបានបញ្ជាក់ទៀតថា ការងារហ្វឹកហ្វឺនធានាបានល្អទាំងការរៀនសូត្រក្នុងថ្នាក់ និងហ្វឹកហាត់លើទីលានបានតាមពេល វេលាកំណត់។ កម្មសិក្សាការីទាំងអស់មានស្មារតីយកចិត្តទុកដាក់កម្រិតខ្ពស់ គោរពពេលវេលាសិក្សា ស្វែងយល់មេរៀន និងស្វ័យសិក្សាបានល្អក្នុងវគ្គសកម្មចូលរួមហ្វឹកហាត់មិនថាពេលព្រឹក ល្ងាច ឬយប់។ ទន្ទឹមនឹងនេះ ក្នុងដំណើរការហ្វឹកហ្វឺនរៀនសូត្រ មានសាមគ្គីគ្នាល្អ រវាងកម្មសិក្សាការី យោធាចារ្យ និងគណកម្មការគ្រប់គ្រងវគ្គ ប្រកបដោយស្មារតីគោរព ស្រលាញ់រាប់អាន មិត្តភាពរក្សាបាននូវសេចក្តីថ្លៃថ្នូរ៕