(កំពត)៖ នៅល្ងាចថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣នេះ ទទួលបានការអនុញ្ញាតពីថ្នាក់ដឹកនាំ លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានជួបសំណេះសំណាលជាមួយជនរងគ្រោះសម្រាកផ្តាច់ភាពញៀន នៅមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នៅតំបន់ម្លេច ភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។

លោកឧត្តមសេនីយ៍ត្រី គឹម កុសល ប្រធានមជ្ឈមណ្ឌល បានឲ្យដឹងថា មជ្ឈមណ្ឌលទទួលព្យាបាល និងស្តារនិតិសម្បទាជនរងគ្រោះ មកពីបណ្តាខេត្តនានា តាមរយ:មាតាបិតា អាណាព្យាបាល និងបញ្ជូនដោយច្បាប់ ដែលមកដល់ពេលនេះយើងបានទទួលព្យាបាលជនរងគ្រោះសរុបចំនួនជិត៣,០០០នាក់ ហើយក្នុងនោះនារី៧២នាក់។

ថ្លែងក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ និងថ្នាក់ដឹកនាំ នាឱកាសនោះ លោកឧត្តមសេនីយ៍ឯក លឹម តុងហួត បាននាំការសួរសុខទុក្ខ និងកោតសសើរដល់គណៈគ្រប់គ្រងមជ្ឈមណ្ឌល ដែលបានខិតខំថែទាំជនរងគ្រោះទាំងអស់ ដូចជាកូន ប្អូននៃខ្លួន ផ្តល់ក្តីសង្ឃឹម និងជីវិតថ្មីដល់ពួកគេ ហើយស្របតាមគោលការណ៍ណែនាំរបស់គណកម្មាធិការជាតិទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។

លោកឧត្តមសេនីយ៍ឯក លឹម តុងហួត បានណែនាំដល់គណៈគ្រប់គ្រងមជ្ឈមណ្ឌលទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់បន្តកៀគរដៃគូ ផ្តល់កិច្ចសហការបណ្តុះបណ្តាលវិជ្ជាជីវ: បំណិនជិវិត កាន់តែសម្បូរបែប ស្របទីផ្សារការងារ ដើម្បីជាទុនផ្តល់ដល់ពួកគាត់ទាំងអស់ អាចរកចំណូលចិញ្ចឹមជិវិតបានពេលពួកគាត់ត្រឡប់ទៅរស់នៅជាមួយក្រុមគ្រួសារ និងសហគមន៍វិញ៕