(ភ្នំពេញ)៖ លោក សុង សារិទ្ធ (Very Cool) អតីតសកម្មជនបក្សប្រឆាំង បានសម្តែងការ​ហួស​​ចិត្តជាខ្លាំងចំពោះឥរិយាបថនយោបាយរបស់ក្រុមប្រឆាំង ដែលតែងតែ​លាប​ពណ៌ចំពោះជនទាំងឡាយ ដែលដើរចេញពីក្រុមខ្លួន។ លោក សុង សារិទ្ធ ស្នើឱ្យក្រុមប្រឆាំងទម្លាក់ចោលនូវឥរិយាបថញុះញង់បំបែកបំបាក់ជាតិបែបនេះ។

ប្រតិកម្មរបស់លោក សុង សារិទ្ធ បានកើតមានឡើង បន្ទាប់ក្រុមអ្នកប្រឆាំងនៅ​ប្រទេសបារាំង បានបំពាក់ផ្កាយចោទប្រកាន់លោកថាជាជនក្បត់ជាតិ និងជាជន​ជាតិយួនជាដើម ក្រោយពេលរូបលោកសម្រេចចិត្តដើរចេញពីក្រុមប្រឆាំង ចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។

អតីតសកម្មជនបក្សប្រឆាំងដ៏សកម្មរូបនេះ បានអះអាងថា រូបលោកមិន​មាន​ជាប់​សែស្រឡាយយួននោះឡើយ។ លោក សុង សារិទ្ធ ស្នើទៅក្រុមប្រឆាំងឱ្យ​បញ្ឈប់នូវឥរិយាបថនយោបាយបែបនេះ បើមិនដូច្នោះក្រុមរបស់ពួកគេនឹងកាន់​តែឯកោ ដោយគ្មាននរណាដើរតាមទៀតនោះឡើយ។

ក្នុងវីដេអូឃ្លីបឆ្លើយតបនឹងការលាបពណ៌នេះ លោក សុង សារិទ្ធ ក៏បានឆ្លៀត​លើកឡើងពីការជ្រើសតាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីផង​ដែរ។ លោក សារិទ្ធ បានគាំទ្រចំពោះការតែងតាំងនេះ ព្រោះលោកមើលឃើញ​ថា លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាមនុស្សមានសមត្ថភាពផ្នែកដឹកនាំ និងមាន​ចំណេះដឹងជ្រៅជ្រះ។

ឆ្លើយតបការចោទរបស់ក្រុមប្រឆាំងថា ការតែងតាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាទង្វើបក្ខពួកនិយមនោះ លោក សារិទ្ធ បានសួរទៅក្រុមប្រឆាំងថា តើពួកគេអត់មានចរិតបក្ខពួកនិយមទេឬ? ទន្ទឹមនឹងសួរសំណួរបែបនេះ លោក សារិទ្ធ បានរំលឹកថា ពេលក្រុមប្រឆាំងទទួលបានអាសនៈនៅក្នុងរដ្ឋសភា បានជ្រើសរើសសាច់ញាតិ និងភរិយាខ្លួនឱ្យទៅបម្រើការនៅរដ្ឋសភានោះ តើជាទង្វើបក្ខពួកនិយមដែរឬទេ?