(ភ្នំពេញ)៖ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទិ្ធមនុស្សកម្ពុជា បានលើកឡើងថា សំឡេងគាំទ្រជាង ៨២ភាគរយ ក្នុងចំណោម៨៤.៨៤ភាគរយ បានគាំទ្រគណបក្សប្រជាជនកម្ពុជា ជាចំនួនមួយមិនអាចបដិសេធ បានទោះបីជាមានប្រទេសខ្លះមិនទទួលស្គាល់ លោកជឿជាក់ថាសំឡេងជាង៨២ភាគរយ គឺជាសំឡេងគាំទ្រគោលនយោបាយសន្តិភាព រក្សាស្ថិរភាពនយោបាយ សង្គម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ។

ការលើកឡើងបែបនេះរបស់លោក កែវ រ៉េមី បានធ្វើឡើងនៅរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣នេះ ក្នុងឱកាសលោកបានអញ្ជើញជាអធិបតីភាពរៀចំសន្និសីទសារព័ត៌មានស្ដីពី «លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការបោះឆ្នោតនៅកម្ពុជា»។ សន្និសីទសារព័ត៌មាននេះបានធ្វើឡើងនៅទីស្នាក់ការគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

ជាមួយគ្នានេះដែរ លោក កែវ រ៉េមី បានថ្លែងថា សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅកម្ពុជា គឺមានប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត បានអញ្ជើញមកបោះឆ្នោតមានចំនួនជាង ៨៤ភាគរយ ដែលជាចំនួនដ៏លើសលប់ បើប្រៀបធៀបជាមួយនឹងសហរដ្ឋអាមេរិក ដែលគេហៅថាជាប្រទេសប្រជាធិបតេយ្យ ដូច្នេះ អាមេរិក មានអ្នកមកបបោះឆ្នោតចាប់ពី៥០ ទៅ៦០ភាគរយ ប៉ុន្តែ កម្ពុជា ជាង៨៤ភាគរយ ជាចំនួនមួយខ្ពស់ បើប្រៀបធៀជាមួយបណ្តាប្រទេសផ្សេងៗនៅលើពិភពលោក។

លោក កែវ រ៉េមី បានលើកឡើងថា៖ «សំឡេងជាង ៨២ភាគរយ ក្នុងចំណោម៨៤.៨៤,៥៨ភាគរយ បានគាំទ្រគណបក្សប្រជាជនកម្ពុជា ជាចំនួនមួយមិនអាចបដិសេធ បានទោះបីជាមានប្រទេសខ្លះមិនទទួលស្គាល់ ទោះបីមានការរិះគន់ ក៏ប៉ុន្តែ ខ្ញុំជាក់ថានៅក្នុងចិត្តគាត់មិនអាចបដិសេធបានក្នុងការគាំទ្រគណបក្សប្រជាជនកម្ពុជា គណបក្សប្រជាជនកម្ពុជា ទទួលបានភាពស្របច្បាប់ដាច់ខាត ខ្ញុំជឿជាក់ថាសំឡេងជាង៨២ភាគរយ ជាសំឡេងគាំទ្រគោលនយោបាយសន្តិភាព រក្សាស្ថិរភាពនយោបាយ សង្គម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ»

លោក កែវ រ៉េមី បានគូសបញ្ជាក់ថា ការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យឈ្នះនៅក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ដែលប្រជាលរដ្ឋចង់ឱ្យគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំរាជរដ្ឋាភិបាល ជាពិសេសគាំទ្របេក្ខជនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោកបណ្ឌិត ហ៊ុន ម៉ាណែត។

សូមជម្រាបថា អត្រាអ្នកបោះឆ្នោតបណ្តោះអាសន្ន មានចំនួន មានចំនួន ៨,២១៣,២៦០នាក់ ស្មើ ៨៤,៥៨% នៃប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត៕