(ភ្នំពេញ)៖ សារមន្ទីរជាតិ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ បានផ្សព្វផ្សាយអត្ថបទមួយ ពាក់ព័ន្ធនឹង «ព្រះគណេសក្នុងសង្គមខ្មែរ»។ ក្នុងអត្ថបទនោះ បានសរសេរថា ព្រះគណេសជាទេពនៅក្នុងរឿងទេវកថា របស់ព្រាហ្មណ៍សាសនា ដែលបង្ហាញព្រះអង្គក្នុងទម្រង់ខ្លួនមនុស្ស និងព្រះសិរជាសត្វដំរី មានសត្វកណ្ដុរជាយានជំនិះ។ ព្រះអង្គជាបុត្រារបស់ព្រះឥសូរ និងព្រះនាងបរវតី។

ព្រះអង្គជាទេពតំណាងឲ្យចំណេះដឹង និងបញ្ជៀសឧបសគ្គផ្សេងៗ ក្នុងនាមជាអាទិទេពកំចាត់ឧបសគ្គ តែក៏អាចបង្កើតឧបសគ្គបានដូចគ្នា។ តាមរយៈសិលាចារឹកព្រះអង្គមានឈ្មោះជាច្រើនដូចជា៖ គនីស្វរ គណបតី ស្រីគណបតិ មហាគណបតិ វិឃនេស ឃ្នាបតិ វិឃេ្នស្វរ វិនាយក។ល។ ព្រាហ្មណ៍សាសនិកគោរពនិងផ្តល់កិត្តិយសដល់ព្រះគណេសគ្រប់កម្មវិធីទាំងអស់ដូចជា ពេលផ្តើមការងារផ្សេងៗ ធ្វើដំណើរ សាងសង់ផ្ទះ សរសេរសៀវភៅជាដើម។

រឿងទេវកថាជាច្រើនដំណាលនិយាយ ពីកំណើតព្រះគណេស។ ក្នុងគម្ពីរសិវបុរាណ គ្រាមួយមហេសីរបស់ព្រះឥសូរ ព្រះនាងបរវតីបានបង្កើតបុត្រាមួយអង្គពីក្អែលព្រះកាយរបស់ព្រះនាង ដោយដាក់ព្រះនាមថា «វិឃ្នេស្វរ» ហើយឲ្យយាមច្រកចូលព្រះដំណាក់។ នៅពេលព្រះឥសូរយាងមក វិឃ្នេស្វរបានរារាំងដំណើរផ្លូវធ្វើឲ្យព្រះអង្គក្រេវក្រោធយ៉ាងខ្លាំង ក៏កើតជាជម្លោះ ហើយបានកាត់ដាច់ព្រះសិររបស់វិឃ្នេស្វរ ដោយពុំដឹងថាជាបុត្រារបស់ខ្លួន។

ក្រោយបានជ្រាបដំណឹងនេះ ព្រះនាងបរវតីកើតទុក្ខយ៉ាងខ្លាំង។ ដោយមើលឃើញបែបនេះ ព្រះឥសូរបានបញ្ជាឲ្យកងទ័ពដើរស្វែងរកក្បាលមនុស្សឬសត្វ ដែលពួកគេជួបប្រទះមុនគេបង្អស់ បន្ទាប់មកពួកគេបានជួបសត្វដំរីមុនគេ ក៏កាត់យកក្បាលដំរីនោះទៅប្រគល់ឲ្យព្រះឥសូរ ដើម្បីភ្ជាប់ទៅលើដងខ្លួនរបស់វិឃ្នេស្វរវិញ។ ហេតុនេះទើបវិឃ្នេស្វរក្លាយទៅជា គជនន (ដំរី) ហៅថាព្រះគណេសតាំងពីពេលនោះមក។

ជនជាតិខ្មែរបង្ហាញព្រះគណេសមានព្រះហស្តពីរ (សម័យមុនអង្គរ) និងព្រះហស្តបួន (សម័យអង្គរ) ទ្រង់កាន់ ចានមូល (សម្រាប់ដាក់ថ្នាំ) ផ្កាឈូក (តំណាងចំណេះដឹង)។ល។ សិល្បៈសម័យមុនអង្គរ (ស.វ.ទី៦-៨) មានលក្ខណៈសាមញ្ញ ស្លៀកសំពត់ខ្លី ពុំមានគ្រឿងអលង្ការ ចំណែកព្រះសិរលឹបចូលទៅក្នុងស្មាទាំងពីរ ដែលភាគច្រើនជាចម្លាក់ទោលធ្វើពីថ្មភក់។

រីឯសិល្បៈសម័យអង្គរ (ស.វ.ទី៩-១៤) ព្រះគណេសបង្ហាញលក្ខណៈជាមនុស្សច្បាស់ជាងមុន ឃើញកញ្ចឹងកធ្វើឲ្យព្រះសិរនិងស្មាឃ្លាតពីគ្នា ភាគច្រើនធ្វើអំពីសំរឹទ្ធ។ ព្រះសិរមានទ្រង់គ្រឿង ម្កុដ ក្បាំង ព្រមទាំងមានពាក់ខ្សែពិសិដ្ឋរូបពស់មានសំណកបី និងមួយចំនួនទៀតធ្វើពីថ្មភក់ ជាក់ស្តែងព្រះគណេសមកពីប្រាសាទបាក់ តំបន់ប្រាសាទកោះកេរ ដែលមានទំហំធំជាងគេប្រមាណជា ៣តោន។ ចំណែកសិល្បៈសម័យក្រោយអង្គរ ភាគច្រើនចម្លាក់ក្រឡោតទាបនៅលើចេតិយ ក្លោងទ្វារ បង្អួចបញ្ឆោតនៃព្រះវិហារ៕