(សៀមរាប)៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ តាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិព្រៃទទឹង ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប រវាងរថយន្ដដឹកអ្នកដំណើរ របស់ក្រុមហ៊ុនឡារីតា និងរថយន្ដគ្រួសារ RAIZE បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និង៣នាក់ទៀតរងរបួស។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច និងកាមេរ៉ាសុវត្ថិភាព បានឲ្យដឹងថា រថយន្ដរបស់ក្រុមហ៊ុនឡារីតា បើកបរក្នុងទិសដៅពីភ្នំពេញ ទៅខេត្តសៀមរាប លុះដល់ចំណុចកើតហេតុ រថយន្ដមួយគ្រឿងទៀត ម៉ាក RAIZE ពណ៌ស ក្នុងទិសដៅផ្ទុយគ្នា បានរេចង្កូតចូលគន្លងរបស់រថយន្ដក្រុមហ៊ុនឡារីតា ហើយបុកយ៉ាងពេញទំហឹងតែម្ដង។ ក្នុងហេតុការណ៍នេះ បណ្ដាលឲ្យអ្នកជិះក្នុងរថយន្ដ ម៉ាក RAIZE ស្លាប់ម្នាក់ និងរបួស៣នាក់។

តាមរយៈកាមេរ៉ាសុវត្ថិភាព ដែលថតចេញពីក្នុងរថយន្ដរបស់ក្រុមហ៊ុនឡារីតា បានបង្ហាញថា រថយន្ដរបស់ក្រុមហ៊ុនឡារីតា បើកបរក្នុងគន្លងខាងស្ដាំរបស់ខ្លួនត្រឹមត្រូវ ខណៈរថយន្ដម៉ាក RAIZE ជាអ្នករេចង្កូតមកបុក រថយន្ដក្រុមហ៊ុនឡារីតា ចំពីមុខពេញទំហឹងតែម្ដង។ យ៉ាងណាក៏ដោយ អ្នកបើកបររថយន្ដក្រុមហ៊ុនឡារីតា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនផងដែរ មិនទាន់មានការដោះលែងនោះទេ។

សូមទស្សនាវីដេអូកាមេរ៉ាសុវត្ថិភាព ដែលបង្ហាញពីហេតុការណ៍នៅខាងក្រោមនេះ៖