(ភ្នំពេញ)៖ ក្រុមបាល់ទាត់ឈុតធំជម្រើសជាតិកម្ពុជា នឹងត្រូវប្រជែងទល់នឹងក្រុមទីម័រខាងកើត ឡាវ និងប្រ៊ុយណេ ដើម្បី ដណ្តើមយកកៅអី១ ឡើងទៅប្រកួតពានរង្វាន់ AFF Suzuki Cup 2016 ដែលនឹងចាប់ផ្តើមនៅខែតុលាខាងមុខនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជាតែម្តង។
ក្រុមម្ចាស់ផ្ទះគោព្រៃកម្ពុជា ស្ថិតក្នុងចំណោម៤ប្រទេស ដែលត្រូវជ្រើសរើសតែ១ក្រុមប៉ុណ្ណោះ ដើម្បីយកទៅបង្រ្គប់ក្នុងពូល B ដែលមានក្រុមជម្រើសជាតិវៀតណាម ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា ដែលទើបតែចាប់ពូលរួចរាល់នៅមីយ៉ាន់ម៉ា នារាត្រីថ្ងៃអង្គារ ទី០២ ខែសីហា ឆ្នាំ២០១៦ ក្នុងការលេងជុំផ្តាច់ព្រ័ត្រនៃពានរង្វាន់ប្រចាំតំបន់អាស៊ាន គ្រាដែលពូល A មានសិង្ហបុរី ឥណ្ឌូនេស៊ី ហ្វីលីពីន និងក្រុមការពារតំណែងជើងឯកថៃ។
ការប្រកួតជម្រុះនេះដែរ នឹងត្រូវបានធ្វើឡើងនៅចន្លោះថ្ងៃទី១៥-២១ ខែតុលា ឆ្នាំ២០១៦ ខាងមុខ ដោយ១ប្រកួត ដំបូងរបស់កម្ពុជា ត្រូវជួបក្រុមជម្រើសជាតិឡាវ នៅថ្ងៃទី១៥ តុលា មុនប៉ះប្រ៊ុយណេ នៅថ្ងៃទី១៨ តុលា និងចុង ក្រោយ ប៉ះក្រុមទីម័រខាងកើត។
គួរបញ្ជាក់ផងដែរថា សម្រាប់ការប្រកួតជុំផ្ដាច់ព្រ័ត្រទាំងពូល A និងពូល B នឹងធ្វើឡើងចាប់ពីថ្ងៃទី១៩-២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខនេះ ដោយមានប្រទេសពីរ ធ្វើម្ចាស់ផ្ទះ រួមមានមីយ៉ាន់ម៉ា និងហ្វីលីពីន៕
ក្រុមជម្រើសជាតិ កម្ពុជា
ក្រុមជម្រើសជាតិ ឡាវ
ក្រុមជម្រើសជាតិ ទីម័រខាងកើត
ក្រុមជម្រើសជាតិ ប្រ៊ុយណេ