(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ គ្រោងបើកសិក្ខាសាលាបណ្ដុះបណ្ដាលមួយស្ដីពី «ជនបង្គោលបដិសណ្ឋារកិច្ចល្អ» នឹងបានអំពាវនាវឱ្យសាធារណជន យុវជន សិស្ស-និស្សិត អាជីវករ ចូលរួមក្នុងសិក្ខាសាលានេះ ដើម្បីទទួលបានបទពិសោធន៍ ចំណេះដឹងថ្មីៗល្អៗ ព័ត៌មានទាក់ទងនឹងចលនាប្រឡងប្រណាំងបដិសណ្ឋារកិច្ចល្អ ទាំងក្នុងវិស័យទេសចរណ៍ និងទីក្រុងស្អាត ដែលជាចលនាជួយជំរុញពង្រឹងគុណភាព នៃការផ្តល់សេវាកម្មទេសចរណ៍ និងសេវាសាធារណៈរបស់បេក្ខភាពក្រុង-ខណ្ឌ ក្នុងទិសដៅអភិវឌ្ឍទេសចរណ៍កម្ពុជាឱ្យមានចរិភាព និងប្រកបដោយភាពស្អាត និងបៃតង។
សិក្ខាសាលានេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥-០៦ ខែសីហា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ក្នុងសកលវិទ្យាល័យភូមិន្ទភ្នំពេញ បន្ទាប់ពីការបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងទទួលបានអត្ថប្រយោជន៍ ដូចជា ទទួលបានវិញ្ញាបនបត្រ «ជនបង្គោលបដិសណ្ឋារកិច្ចល្អ» ទទួលស្គាល់ពីក្រសួងទេសចរណ៍, ទទួលបានសិទ្ធិក្នុងការចូលរួម រាល់សិក្ខាសាលាថ្នាក់ជាតិ ដែលរៀបចំឡើង ដោយក្រសួងទេសចរណ៍, បង្ហាញពីការឆន្ទៈ នៃការចូលរួមសកម្មភាពជាក់ស្តែង ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។
សូមជម្រាបថា តួនាទីរបស់ជនបង្គោលបដិសណ្ឋារកិច្ចល្អ រួមមាន៖ ១.ចុះផ្សព្វផ្សាយដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ (សណ្ឋាគារ ភោជនីយដ្ឋាន ហាងស្ប៉ា និងម៉ាស្សា ទីភ្នាក់ងារ ទេសចរណ៍ និងហាងលក់វត្ថុអនុស្សាវរីយ៍) ស្តីពីចលនាប្រឡងប្រណាំងបដិសណ្ឋារកិច្ចល្អនិងនីតិវិធីក្នុងការចូលរួមប្រឡងប្រណាំងនេះ, ២.ជំរុញចលនានៃការវាយតម្លៃពីភាពពេញចិត្ត របស់ភ្ញៀវអំពីសេវាដែលផ្តល់ដោយ មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ ដោយប្រើប្រាស់ប្រព័ន្ធ QR Code និងស្មាតហ្វូនក្នុងការវាយតម្លៃ, ៣.ជួយផ្សព្វផ្សាយ និងផ្តល់ជូនដោយឥតគិតថ្លៃ នូវការបិតស្ទីកឃ័រ QR Code នៃចលនាប្រឡងប្រណាំងបដិសណ្ឋាកិច្ចល្អ នៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍។
សាធារណជន យុវជន និងសិស្ស និស្សិតដែលមានចំណាប់អារម្មណ៍ អាចចុះឈ្មោះតាមរយៈ គេហទំព័រខាងក្រោម៖
(https://form.jotform.me/62142046281447) ឬទំនាក់ទំនងលេខទូរស័ព្ទ ០៧០ ៣២៧ ៧៤១ ៕