(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣នេះ បានជំរុញមន្ដ្រីសារព័ត៌មាន ត្រូវមានគំនិតច្នៃប្រឌិតព័ត៌មានឲ្យកាន់តែមានគុណភាព ដើម្បីទទួលបានការគាំទ្រ ពីសំណាក់ប្រជាពលរដ្ឋ។

ការជំរុញបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតីក្នុងកម្មវិធីបទបង្ហាញស្ដីពី «ថ្នាលអ៊ីនធឺណិតព័ត៌មាន» នាទីស្ដីការក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣។

លោក ខៀវ កាញារីទ្ធ បានថ្លែងថា កន្លងទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កាលពីយុទ្ធសាស្រ្តនៃការអភិវឌ្ឍន៍របស់កម្ពុជាគឺផ្តោត លើចតុកោណ គឺ មនុស្ស ទឹក ភ្លើង ផ្លូវ ប៉ុន្ដែសម័យបច្ចុប្បន្ននេះ គឺបញ្ចកោណ ដែលផ្តោតលើ មនុស្ស ទឹក ភ្លើង ផ្លូវ និងអ៊ីនធឺណិត ដើម្បីឲ្យស្របតាមនឹងការរីកចម្រើនតាមសម័យបច្ចេកវិទ្យា។

លោកបានបន្ថែមថា ដូចនេះនៅក្នុងអាណត្តិថ្មី មន្ដ្រីព័ត៌មាននៃក្រសួងព័ត៌មានត្រូវបង្កើនការច្នៃប្រឌិត បង្កើនសមត្ថភាពតាមសម័យបច្ចេកវិទ្យា ទើបយើងអាចធ្វើការប្រកួតប្រជែងបាន។

លោក ខៀវ កាញារីទ្ធ បានថ្លែងយ៉ាងដូច្នេះថា «អាណត្តិក្រោយនេះ គឺជាការប្រជែងផ្នែកព័ត៌មានគឺជាធំ។ បើសិនជាយើងនៅតែស្ទក់ៗ ដូចសព្វថ្ងៃនេះយើងនឹងមិនឈ្នះគេទេ។ ហើយបើយើងអន់ហើយ គេកម្រនឹងទម្លាក់លុយឲ្យយើងណាស់។ អ៊ីចឹងយើងត្រូវចាំថាអាណត្តិក្រោយ នេះគឺយើងត្រូវធ្វើការប្រយុទ្ធ ដើម្បីយកព័ត៌មាននេះគឺសំខាន់ណាស់។ ហើយបើចង់ឲ្យយើងមានថវិកា ឲ្យកាន់តែច្រើន គេទម្លាក់លុយឲ្យបានកាន់តែច្រើន គេហៅទៅថតបានច្រើន គឺត្រូវតែមានការច្នៃប្រឌិតរបស់យើង»។

ក្នុងឱកាសនោះដែរ លោកស្រី ឆៃ ច័ន្ទរិទ្ធីសូលីដា រដ្ឋលេខាធិការក្រសួងព័ត៌មាន បានថ្លែងថា ដើម្បីឲ្យមានភាពទំនើបក្នុងវិស័យព័ត៌មាន លុះត្រាតែយើងធ្វើការកែទម្រង់ ហេតុនេះហើយការធ្វើទំនើបកម្ម និងកំណែទម្រង់មិនអាចផ្តាច់ចេញពីគ្នាបានទេ វាត្រូវតែមានទំនាក់ទំនងគ្នាទៅវិញទៅមក ដោយហេតុថា នៅក្នុងទំនើបកម្មគឺត្រូវការនូវបច្ចេកវិទ្យាជាចម្បង សម្រាប់សម្របសម្រួល ដល់ការអនុវត្តការងារប្រចាំថ្ងៃ ឲ្យកាន់តែមានភាពរហ័ស និងទាន់សម័យបង្កើន ផលវិជ្ជមាន និងកាត់បន្ថយផលអវិជ្ជមានណា ដែលប៉ះពាល់ដល់សង្គម តាមរយៈការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។

លោកស្រីបន្ដថា តាមស្ថានភាពការវិវត្តនៃបច្ចេកវិទ្យាឌីជីថល ក្រសួងព័ត៌មានត្រូវការចាំបាច់នូវសន្តិសុខព័ត៌មាន និងបច្ចេកវិទ្យាថ្មីៗ ព្រមទាំងមានកិច្ចសហការជាមួយក្រសួង ស្ថាប័ននានា ជាពិសេសក្រសួងមហាផ្ទៃនិង សហប្រតិបត្តិការជាមួយដៃគូជាតិ និងអន្តរជាតិ ដើម្បីសិក្សា និងផ្លាស់ប្ដូរបទពិសោធន៍ លើការគ្រប់គ្រងសន្តិសុខព័ត៌មាន និងបច្ចេកវិទ្យា ដើម្បីឈានទៅរកការពង្រឹង និងអភិវឌ្ឍវិស័យព័ត៌មាន នាពេលអនាគតប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។

សូមជម្រាបថា នៅក្នុងកម្មវិធីបទបង្ហាញស្ដីពី «ថ្នាលអ៊ីនធឺណិតព័ត៌មាន» នាសាលចតុម្មុខមង្គល ទីស្ដីការក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ ២០២៣ គឺមានក្រុមបច្ចេកទេសថ្នាលព័ត៌មាន អ៊ីនធឺណិដែលដឹកនាំដោយ លោក មែ ស៊ីខេងវ៉ាន់ឌី អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ និង ជាគ្រូបង្គោលដើម្បីធ្វើការចែករំលែកនូវបទពិសោធន៍ និងធ្វើបទបង្ហាញស្តីពីបច្ចេកវិទ្យាថ្មីៗ និងមានសមាសភាពថ្នាក់ដឹកនាំ សិក្ខាកាម ដែលបានចូលរួមចំនួន ៩៤រូប ដើម្បីបង្កើនសម្ថតភាពការងារ ឲ្យស្របតាមការអភិវឌ្ឍន៍នៃបច្ចេកវិទ្យាឌីជីថល របស់ប្រទេសជាតិ៕