(ពោធិ៍សាត់)៖ លោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ការពង្រឹងបាននូវសុខភាពសិក្សា គឺជាផ្នែកមួយជួយពង្រឹងបាននូវគុណភាពអប់រំ នាំឱ្យការអភិវឌ្ឍប្រទេសទៅមុខបានលឿនដោយចីរភាព។

ការថ្លែងបែបនេះ ក្នុងឱកាសបើកសិក្ខាសាលាផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន បារីអេឡិចត្រូនិក មេរោគអេដស៍និងគ្រោះនៃគ្រឿងញៀនជាមួយសិស្សនុសិស្សលោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋាន ចំនួន២៥៨នាក់ នៅខេត្តពោធិ៍សាត់ នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣នេះ។

ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត ហោ ប៊ុនឡេង អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធជំងឺអេដស៍ និងឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាននិតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន សុទ្ធតែបានចាត់ទុកថាបញ្ហាគ្រឿងញៀន បារីអេឡិកត្រូនិក បញ្ហាជំងឺអេដស៍ និងគ្រោះថ្នាក់ចរាចរណ៍ ជាបញ្ហារួមរបស់យើងទាំងអស់ តម្រូវឱ្យយើងទាំងអស់គ្នាត្រូវតែចូលរួមសកម្មភាព ដើម្បីប្រយុទ្ធប្រឆាំងដើម្បីការខ្លួន ក្រុមគ្រួសារកុំឱ្យមានបញ្ហា អ្នកដទៃកុំឱ្យមានបញ្ហា និងរាយការណ៍ សហការគ្នាដើម្បីរកការអន្តរាគមន៍ជួយទាន់ពេលវេលា។

លោកស្រី សឿ សុជាតា បានពាំនាំការសាកសួរទុក្ខ និងកោតសសើរថ្នាក់ដឹកនាំជាតិ ពិសេសបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ជូនសិស្សនុសិស្ស លោកគ្រូ អ្នកគ្រូ ដែលបានចូលរួមអនុវត្តនូវផែនការជាតិលើកកម្ពស់សុខភាពសិក្សាផ្តល់ភាពសុខដុមដល់សិស្ស និងមាតាបិតាសិស្ស។

លោកស្រី សឿ សុជាតា បានថ្លែងបន្ថែមទៀតថា ក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជុំនៃរាជរដ្ឋាភិបាលដឹកនាំសម្តេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជាមានសុខសន្តិភាព និងអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យអប់រំជាវិស័យអាទិភាពបណ្តុះបណ្តាលធនធានមនុស្សសម្រាប់បង្កើនល្បឿនកសាងជាតិឆ្នាំ២០៣០ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និង២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់ ហើយការពង្រឹងបាននូវសុខភាពសិក្សាគឺជាផ្នែកមួយជួយពង្រឹងបាននូវគុណភាពអប់រំនាំឱ្យុការអភិវឌ្ឍប្រទេសជាតិទៅមុខបានលឿនដោយចីរភាព៕