(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣នេះ បានផ្ញើសារលិខិតជូនពរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់៧១ឆ្នាំ។
ក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ពោរពេញដោយក្តីសោមនស្សរីករាយនៃពិធីចម្រើនជន្មាយុគម្រប់៧១ របស់សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកានៃរដ្ឋសភា បានបញ្ជក់យ៉ាងដូច្នេះថា៖ «សូមសម្តែងនូវអំណរសាទរ ប្រកបដោយក្តីគោរព ស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុតជូន សម្តេចអគ្គមហាសេនាបតីតេជោ សូមមានជន្មាយុយឺនយូរ សុខុមាលភាពល្អបរិបូរណ៍ និងកាយពលមាំមួន»។
សម្តេច សាយ ឈុំ បានបន្ដថា «នាឱកាសដ៏ឧត្ដុង្គឧត្តមថ្លៃថ្លានេះ យើងខ្ញុំមានមោទនភាព និងគោរពកោតសរសើរដ៏ខ្ពង់ខ្ពស់បំផុតជូន សម្ដេច អគ្គមហាសេនាបតីតេជោ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតយ៉ាងសកម្ម ក្នុងបេសកកម្មការពារជាតិមាតុភូមិ និងប្រជាជនកម្ពុជា ប្រទេសជាតិទទួលបាននូវមហាសុខសន្តិភាពពេញលេញ ឯកភាពជាតិ បូរណភាពទឹកដី ស្ថិរភាព នយោបាយ សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងអភិវឌ្ឍលើគ្រប់វិស័យ។ វីរភាពដ៏ធំធេងរបស់ សម្ដេច អគ្គមហាសេនាបតីតេជោ បានធ្វើឱ្យប្រជាជនកម្ពុជាចងចាំ និងដឹងគុណជានិច្ចមិនអាចបំភ្លេចបាន ក្នុងការធ្វើឱ្យ ប្រទេសជាតិរស់ឡើងវិញ ប្រកបដោយកិត្តិយស និងកិត្យានុភាព ប្រជាជនរស់នៅក្នុងសេចក្តីថ្លៃថ្នូរ និងសេចក្តីសុខក្សេមក្សាន្ត ក្រោមម្លប់នៃសុខសន្តិភាព»។
ជាថ្មីម្ដងទៀត សម្តេច សាយ ឈុំ សូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ឫទ្ធិបារមីខ្លាំងក្លា ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សាការពារប្រោះព្រំនូវសព្ទ សាធុការពរជ័យគ្រប់ប្រការជូន សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត បុត្រី ចៅប្រុស ចៅស្រី សូមសមប្រកបដោយព្រះពុទ្ធពរដ៏ប្រពៃថ្លៃថ្លាបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ តរៀងទៅ៕