(ភ្នំពេញ)៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិការដ្ឋសភាទាំងអស់ បានផ្ញើសារលិខិតជូនពរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់៧១ឆ្នាំ។
នាឱកាសដ៏នក្ខត្តឫក្សប្រកបដោយក្ដីសោមនស្សរីករាយនេះ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកានៃរដ្ឋសភា បានបញ្ជក់យ៉ាងដូច្នេះថា «ខ្ញុំមានសេចក្តីសោមនស្សរីករាយ សូមជូននូវសព្ទសាធុការពរ បវរសួស្ដី សិរីមង្គល ជូន សម្តេចតេជោ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាញាណវាងវៃ អាយុយឺនយូរ ដើម្បីបន្តដឹកនាំ ព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ទៀត»។
សម្ដេច ហេង សំរិន បានបន្ដថា សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជានិច្ចកាលតែងយកឆន្ទៈ មនសិការ បញ្ញាញាណ ពុះពារជម្នះរាល់ឧបសគ្គគ្រប់បែបយ៉ាង ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ឲ្យ ទទួលបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ដោយធានាបាននូវសុខមាលភាព វិបុលភាព និងវឌ្ឍនភាពសង្គម ព្រមទាំងបានធ្វើឱ្យកិត្យានុភាពជាតិ ល្បីល្បាញនៅលើឆាកអន្តរជាតិ។
ជាថ្មីម្តងទៀត សម្ដេច ហេង សំរិន ក៏សូមបួងសួងដល់គុណបុណ្យ ព្រះ រតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមតាម ជួយអភិបាល ប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការជូន សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង បុត្រា-បុត្រី ចៅប្រុស-ស្រី ជាទីស្រឡាញ់របស់សម្តេច សូមបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ខាងក្រោមនេះជាសារលិខិតរបស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន៖