(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការការពារខ្លួន រួមទាំងសម្ព័ន្ធមិត្ត ពីការគំរាមកំហែងរបស់កូរ៉េខាងជើង តាមរយៈការបាញ់សាកល្បងមីស៊ីល។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅមុននេះបន្តិច។
ក្រសួងការបរទេសអាមេរិក បានបញ្ជាក់ដូចខាងលើនេះ បន្ទាប់ពីកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលថ្មីមួយទៀតនៅព្រឹកថ្ងៃនេះ ដែលជាការគំរាមកំហែងយ៉ាងខ្លាំងដល់សន្តិសុខក្នុងតំបន់ ជាពិសេសគឺអាមេរិក ព្រោះកូរ៉េខាងជើង តែងតែគំរាមវាយប្រហារអាមេរិក ដោយអាវុធប្រល័យលោករបស់ខ្លួន។
នៅមុននេះបន្តិច មន្រ្តីយោធាកូរ៉េខាងត្បូងបានឲ្យដឹងថា យោធាកូរ៉េខាងជើង បានបាញ់ផ្លោងគ្រាប់មីស៊ីលថ្មីមួយទៀតធ្លាក់ចូលក្នុងសមុទ្រ ដោយការបាញ់នោះត្រូវបានធ្វើឡើងនៅម៉ោងប្រមាណ ៧៖៥០នាទី ព្រឹកថ្ងៃពុធនេះ៕