(សៀមរាប)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលីជួសជុលដំបូលហោ និងរៀបចំកែលម្អបរិស្ថានសំណង់ឡើងវិញ នៅទីសក្ការៈ ព្រះអង្គចេក ព្រះអង្គចម ខេត្តសៀមរាប នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣។

យោងតាមការតំណាលតៗគ្នាថា ព្រះអង្គចេក ព្រះអង្គចមជាទេពធីតា ដែលជាអតីតព្រះរាជបុត្រី របស់ព្រះបាទសូរ្យវរ្ម័នទី២ ដែលជាស្ថាបនិកសាង ប្រាសាទអង្គរវត្ត។

មូលហេតុដែលនាំឲ្យប្រជាពលរដ្ឋមានជំនឿ ចាប់អារម្មណ៍ និងគោរពបូជា ចំពោះព្រះនាងចេក ព្រះអង្គចម គឺដោយសារតែភាពសុច្ចរឹតទៀងត្រង់ទន់ភ្លន់ និងប្រកបដោយក្ដីមេត្តា ករុណាយ៉ាងខ្ពង់ខ្ពស់ ដែលព្រះអង្គទាំងពីរតែងតែ អាណិតអាសូរធ្វើបុណ្យដាក់ទាន​ដល់អស់ប្រជានុរាស្រ្តដែលត្រូវការព្រះនាងទាំងពីរជួយ ពិសេសទៅទៀត ព្រះនាងទាំងពីរបានអប់រំ អ្នកទោសទាំងឡាយឲ្យដើរតាមគន្លងទូន្មាន របស់ព្រះពុទ្ធសាសនា និងបានដោះលែង ពួកគេឲ្យមានសេរីភាពថែមទៀត។

ព្រះនាងទាំងពីរ គឺជាអ្នកដែលគោរព ប្រតិបត្តិព្រះពុទ្ធសាសនា យ៉ាងខ្ជាប់ខ្ជួនដែលប្រជារាស្រ្តទូទាំងនគរបានដឹងអំពីចរិកលក្ខណៈដ៏ប្រពៃរបស់ ព្រះនាងទាំងពីរ ម្លោះហើយពីមួយជំនាន់ ទៅមួយជំនាន់រហូតដល់រជ្ជកាល ព្រះបាទអង្គចន្ទរាជា ឡើងគ្រងរាជ្យសម្បត្តិនាសតវត្សរ៍ទី១៦ ព្រះអង្គបានអនុញ្ញាតឱ្យគេសាង រូបព្រះនាងចេក ចមសម្រាប់ប្រជារាស្ត្រ ទូទៅគោរពបូជា។

លុះក្រោយមករូបទាំងពីរនេះ បានធ្វើឲ្យប្រជារាស្រ្តរស់នៅប្រកបដោយសេចក្ដីសុខចម្រើនទើបប្រជារាស្រ្ត បានចាត់ទុករូបទាំងជា ព្រះពុទ្ធរូបដ៏ស័ក្ដិសិទ្ធិ និងមានកិត្តិនាមល្បីរន្ទឺទូទាំងប្រទេស មិនត្រឹមតែប៉ុណ្ណោះ រូប ទាំងពីរបានក្លាយជាភាពទាក់ទាញសម្រាប់បុគ្គលមានអំណាច និងឈ្មួញទុច្ចរិត ដោយពួកគេចាប់ផ្ដើម រៀបផែនការលួចសម្រាប់ទុកធ្វើជាកម្មសិទ្ធិនិងការលក់ដូរ។

ហេតុនេះហើយបានជារូបព្រះ អង្គចេកព្រះអង្គចមបាន បាត់មួយរយៈក្នុងអំឡុងពេល នៃតំបន់អង្គរត្រូវបានគេ បោះបង់ចោល។ ទោះយ៉ាងណាក៏ដោយ រូបសំណាក ទាំងពីរនេះ ត្រូវបានរកឃើញឡើងវិញ ក្នុងឆ្នាំ១៩៥០ នៅក្នុងព្រៃម្ដុំ ក្រុងអង្គរធំ ដោយក្រុមមន្ត្រីអភិរក្សអង្គរ ខេត្តសៀមរាប ដែលគេជឿថារូបព្រះអង្គចេក ព្រះអង្គចមកាលពីដើមត្រូវបានតម្កល់ទុកនៅក្នុងប្រាសាទអង្គរវត្ត។

លុះមកដល់សម័យខ្មែរក្រហមគ្រប់គ្រងនៅឆ្នាំ១៩៧៥-១៩៧៩ រូបសំណាកព្រះអង្គចេក ព្រះអង្គចមក៏ត្រូវក្រុមទាហានខ្មែរក្រហម យកទៅទម្លាក់ចោល ក្នុងស្ទឹងសៀមរាប ស្រុតកប់បាត់ទៅក្នុងភក់បាតស្ទឹង រហូតដល់ខេត្តសៀមរាបត្រូវបានរំដោះនៅឆ្នាំ១៩៧៩។

គេជឿថា ក្រុមទាហានខ្មែរក្រហម ដែលនាំគ្នាដឹកយក រូបសំណាកទាំងពីរនេះ ទៅចោលក្នុងស្ទឹង សៀមរាប បានស្លាប់ដោយសារ បារមីរបស់ព្រះអង្គចេក ព្រះអង្គចមនៅក្រោយពេលមិនយូរប៉ុន្មាន បន្ទាប់ពីយកព្រះពុទ្ធរូប ទាំងពីរនេះមកទម្លាក់ចោលក្នុងទឹកស្ទឹង។

ក្រោយមកនៅឆ្នាំ១៩៨២ ព្រះចៅអធិការវត្ដ ដំណាក់រួមជាមួយ នឹងការចូលរួមពីលោកអភិបាល ខេត្តសៀមរាប គឺលោក នៅ សម បាននាំគ្នាកសាង អាស្រមតូចមួយនៅក្បែរ ព្រះរាជដំណាក់ស្ដេច ក្នុងបរិវេណសួនឯករាជ្យ ឬ សួនដំណាក់ស្ដេច ហើយប្រារព្ធពិធី ដង្ហែព្រះពុទ្ធរូបទាំងពីរអង្គ ពីវត្តដំណាក់មកតម្កល់ទុកនៅទីនោះ។

សព្វថ្ងៃនេះ ក្លាយជាកន្លែងអាចឲ្យពុទ្ធបរិស័ទ្ធ និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស សម្រាប់គោរពបូជា និងបួងសួង សុំសេចក្ដីសុខសប្បាយ តាមសេចក្ដីប្រាថ្នា របស់ពួកគេម្នាក់ៗ តាមការបន់ស្រន់រៀងៗខ្លួន។

បន្ទាប់មកទៀត សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអញ្ជើញទស្សនាប្រាសាទមួយចំនួន ក្នុងខេត្តសៀមរាបផងដែរ៕