(ភ្នំពេញ)៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានថ្លែងឲ្យដឹងនៅមុននេះបន្តិចថា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែសីហា បានចេញដីកាកោះហៅអ្នកស្រី ថាក់ ឡានី ឲ្យចូលមកបំភ្លឺនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង២រសៀល, ចំណែកលោក សម រង្ស៊ី ចូលបំភ្លឺថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ៨៖៣០នាទីព្រឹក។
លោក លី សុផាណា ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ ជាអ្នកចេញដីកាកោះហៅនេះ, ដោយលោកមេធាវី គី តិច នឹងចូលឆ្លើយនៅថ្ងៃទី០៥ ខែសីហា ២០១៦ ពេលព្រឹក។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញរូបនោះ បានបញ្ជាក់ថា នៅពេលនេះសមត្ថកិច្ចកំពុងអនុវត្តនីតិវិធីបញ្ជូនដីកាកោះនេះ ទៅសាម៉ីខ្លួន។
សូមជំរាបថា មេធាវីរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ពាក្យបណ្តឹងជាផ្លូវការ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីប្តឹងលោក សម រង្ស៉ី ប្រធានគណបក្សសង្រ្គោះជាតិ និងអ្នកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភា គណបក្សសមរង្ស៉ី ដែលបានចោទរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ថាជាអ្នកនៅពីក្រោយ នៃការបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី៕