(ស្វាយរៀង)៖ លោកបណ្ឌិត សម តារា បេក្ខជនតំណាងរាស្ត្រមណ្ឌលស្វាយរៀង និងលោកស្រី ព្រមទាំងក្រុមការងារនៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣នេះ បាននាំទៀនព្រះវស្សា និងទេយ្យទាន ព្រមទាំងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ២វត្ត គឺវត្តសិរីវង្ស និងវត្តអង្គថ្នា ស្ថិតនៅក្នុងឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
លោកបណ្ឌិត សម តារា បានថ្លែងនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀង ដែលសម្ដេចទាំងទ្វេ តែងតែគិតគូរ និងនឹករលឹកដល់ប្រជាពលរដ្ឋនៅខេត្តស្វាយរៀង ជាពិសេសនារដូវចូលព្រះវស្សានេះ សម្ដេចទាំងទ្វេ តែងតែគិតគូរអំពីសុខទុក្ខរបស់ព្រះសង្ឃ និងចាត់ឲ្យក្រុមការងារ យកទៀនព្រះវស្សា និងទេយ្យទានប្រគេនដល់ព្រះសង្ឃ តាមវត្តអារាមនានាផងដែរ។
លោកបណ្ឌិត បានបញ្ជាក់ថា ការចូលព្រះវស្សាគឺជាបុណ្យមួយដែលមានសារ:សំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេរបានរៀនធម៌ និងវិន័យឱ្យបានខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ រយៈពេល០៣ខែ ចាប់ផ្តើមពីថ្ងៃ០១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ។ ការប្រគេនទៀនព្រះវស្សាព្រមទាំងគ្រឿងឧបភោគ បរិភោគ និងបច្ច័យយកមកវេរប្រគេនព្រះសង្ឃនាពេលនេះ ដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺបូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីរធម៌ វិន័យព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង។
លោកបណ្ឌិត សម តារា បានថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋទាំងអស់នៅក្នុងឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង ដែលបានអញ្ជើញចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ដែលធ្វើឲ្យចំនួនអ្នកចូលរួមបោះឆ្នោតមានប្រមាណជាង ៨៤ភាគរយ ដែលចំនួននេះចាត់ទុកគឺជាចំនួនដ៏ច្រើនលើសលប់ ដែលប្រជាពលរដ្ឋបានយល់ដឹងអំពីលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា ដែលខេត្តស្វាយរៀងគណបក្សប្រជាជនកម្ពុជា ទទួលបាន ៥ អាសនៈ លើ ៥អាសនៈ ហើយពេលខាងមុខនេះលោកបណ្ឌិត ហ៊ុន ម៉ាណែត នឹងធ្វើជានាយករដ្ឋមន្ត្រីបន្តវេន ដើម្បីនាំមកនូវ សុខសន្តិភាពនិងការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ទៀត។
សូមបញ្ជាក់ថា លោកបណ្ឌិតសម តារា បានប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុ សរុបបច្ច័យ ៦លានរៀល ក្នុង១វត្តផងដែរ៕