(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងថា ដោយផ្អែកលើបទពិសោធន៍ និងការប្ដេជ្ញាចិត្ត ព្រមទាំងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បានធ្វើឲ្យសន្តិសុខ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ឆ្នាំ ២០២៣ មានលក្ខណៈល្អប្រសើរ ។

លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ក្នុងពិធីសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសតំណាររាស្ត្រនីតិកាលទី ៧ ឆ្នាំ ២០២៣ នៅសាលសន្និសីទ សាលាខេត្តកំពង់ចាម។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ទៀតថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានលក្ខណៈ ល្អប្រសើរ ដោយពុំមានអំពើហិង្សា និងការគំរាមកំហែងខាងនយោបាយ ឬអ្នករងរបួសស្នាមពាក់ព័ន្ធដំណើរការបោះឆ្នោតនោះឡើយ។

លោកថា ទន្ទឹមនឹងភាពមមាញឹកបែងចែកកម្លាំងមានសមត្ថកិច្ច ដើម្បីរក្សាការពារសន្តិសុខបោះឆ្នោត រាជរដ្ឋាភិបាលកម្ពុជា ក៏មានការទទួលខុសត្រូវក្នុងការធានាថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ជាទូទៅ ក្នុងសង្គមសំដៅធានាប្រក្រតីភាព នៃជីវភាពសង្គមលើគ្រប់ផ្នែក ដើម្បីបង្កបរិយាកាសដល់ប្រជាជនគ្រប់ៗរូប បានចូលរួមក្នុងដំណើរការបោះឆ្នោតប្រកបដោយសុវត្ថិភាព និងគ្មានការភ័យខ្លាច។

លោកអភិបាលខេត្ត បានឲ្យដឹងទៀតថា យោងតាមច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០១៥ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ត្រូវអនុវត្តតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងធ្វើឡើងរៀងរាល់ ៥ឆ្នាំម្ដង។ កាលបរិច្ឆេទនៃការបោះឆ្នោត ត្រូវកំណត់ដោយសេចក្តីសម្រេចរបស់នាយករដ្ឋមន្រ្តី តាមសំណើររបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
លោកថា តំណាងរាស្រ្តត្រូវបានជ្រើសតាំងដោយការបោះឆ្នោតជាទូទៅ ជាសកល ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយស្មើភាព ដោយចំពោះ តាមវិធីបោះឆ្នោតជាសម្ងាត់ ។ ការបោះឆ្នោតត្រូវធ្វើតាមប្រព័ន្ធសមាមាត្រ ដោយយករាជធានី ខេត្តជាមណ្ឌលបោះឆ្នោត ក្នុងនោះមណ្ឌលខេត្តកំពង់ចាម មានចំនួន១០ អាសនៈ។

លោកអភិបាលខេត្ត បានយកឱកាសនោះ សម្តែងនូវការកោតសរសើរ ដល់សមាជិក សមាជិកានៃអង្គសន្និបាត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មេឃុំ ចៅសង្កាត់ ស្មៀនឃុំ-សង្កាត់ នាយប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំ-សង្កាត់ គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ រិៈរកចំណុចល្អដែលបានជួបប្រទះក្នុងការអនុវត្តការងារកន្លងមក យកមកពិភាក្សា យ៉ាងផុសផុល និងគ្រប់ជ្រុងជ្រោយ ដើម្បីជាគន្លឹះសម្រាប់ការរៀបចំការបោះឆ្នោតលើកក្រោយៗទៀត នៅប្រទេសកម្ពុជាយើងទទួលបានលទ្ធផលល្អប្រសើរបន្តទៀត៕