(ភ្នំពេញ)៖ លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានផ្ញើសាររំលែកទុក្ខជូនលោក សំ ព្រហ្មនី និងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោក សំ ព្រហ្មនា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានទទួលមរណភាព នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣នេះ ក្នុងជន្មាយុ៨១ឆ្នាំ ដោយរោគាពាធ។
ក្នុងលិខិតរំលែកទុក្ខដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានលោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម បានបញ្ជាក់យ៉ាងដូច្នេះថា៖
«ក្នុងនាមក្រុមប្រឹក្សាធម្មនុញ្ញ ខ្ញុំនិងភរិយា ព្រមទាំងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ មានសេចក្តីរន្ធត់សង្វេគក្នុងចិត្តយ៉ាងក្រៃលែង និងសោកស្តាយជាអនេក ដោយទទួលបានដំណឹងអំពីមរណភាពរបស់ឯកឧត្តម សំ ព្រហ្មនា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៣៖០០នាទី ក្នុងជន្មាយុ៨១ឆ្នាំ ដោយរោគាពាធ។
ខ្ញុំសូមចូលរួមរំលែកមរណទុក្ខជាមួយនឹងឯកឧត្តម និងក្រុមគ្រួសារ ចំពោះការបាត់បង់លោកឪពុក លោកឪពុកក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ជាទីគោរពស្រឡាញ់របស់ក្រុមគ្រួសារឯកឧត្តម។
មរណភាពរបស់ឯកឧត្តម សំ ព្រហ្មនា គឺជាការបាត់បង់នូវបញ្ញវន្តដ៏ឆ្នើម និងជាឥស្សរជនខ្មែរមួយរូបដែលបានលះបង់កម្លាំងកាយ ប្រាជ្ញាស្មារតី ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាពលរដ្ឋ ព្រមទាំងបានចូលរួមចំណែកយ៉ាងសកម្មជាមួយស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងសមត្ថកិច្ចធានាការពារការគោរពរដ្ឋធម្មនុញ្ញ និងជាពិសេស ឯកឧត្តមបានចូលរួមយ៉ាងសកម្មក្នុងការដោះស្រាយវិវាទនៃការបោះឆ្នោតជាច្រើនអាណត្តិកន្លងមក ដែលជាការចូលរួមចំណែកក្នុងការលើកកម្ពស់នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ក្នុងឱកាសដ៏ក្រៀមក្រំនេះ តាងនាមសមាជិក សមាជិកា នៃក្រុមប្រឹក្សាធម្មនុញ្ញ និងមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ខ្ញុំនិងភរិយា សូមចូលរួមនូវមរណទុក្ខដ៏ក្រៀមក្រំអាឡោះអាល័យជាមួយឯកឧត្តម ព្រមទាំងក្រុមគ្រួសារ និងបួងសួង សូមបដិសន្ធិវិញ្ញាណរបស់ឯកឧត្តម សំ ព្រហ្មនា បានអញ្ជើញទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូម ឯកឧត្តម និងក្រុមគ្រួសារ ទទួលនូវការចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំបំផុតនេះដោយស្មោះអស់ពីដួងចិត្តពីខ្ញុំ និងភរិយា»៕