(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌច្បារអំពៅ និងមន្ត្រីបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣នេះ បានចុះពិនិត្យទីតាំងកសិដ្ឋានចិញ្ចឹមមាន់ជល់មួយកន្លែង ដែលបង្កសំឡេងរំខាន ក្នុងការរស់នៅប្រចាំថ្ងៃ ក្រោយមានបណ្ដឹងពីប្រជាពលរដ្ឋ។
ជាលទ្ធផលនៅពេលក្រុមការងារចម្រុះ ចុះមកដល់ទីតាំងជាក់ស្ដែង ពិនិត្យឃើញថា មានការចិញ្ចឹមមាន់ជាលក្ខណៈកសិដ្ឋាន ប៉ុន្ដែម្ចាស់កសិដ្ឋាន ដែលជួលដីបន្ដមិននៅ ដូចនេះក្រុមការងារចម្រុះសម្រេចដាក់កម្មវិធីប្រជុំត្រួតពិនិត្យ ពាក់ព័ន្ធទីតាំងកសិដ្ឋាននេះ នៅសប្ដាហ៍ក្រោយ។
សូមរំលឹកថា តំណាងប្រជាពលរដ្ឋរស់នៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានដាក់ពាក្យបណ្តឹងទៅកាន់អភិបាលខណ្ឌច្បារអំពៅ ដើម្បីសុំអន្តរាគមន៍ករណី ដែលកសិដ្ឋានចិញ្ចឹមមាន់ជល់មួយកន្លែង ដែលមាន់ជល់រាប់រយក្បាល បង្កសំឡេងរំខាន ដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។
លិខិតរបស់ប្រជាពលរដ្ឋ បានបញ្ជាក់ថា កសិដ្ឋានចិញ្ចឹមមាន់ជល់មួយកន្លែង ដែលស្ថិតនៅតាមបណ្តាយផ្លូវជាតិលេខ១ ក្នុងភូមិតាព្រហ្ម សង្កាត់ព្រែកឯង បានបង្កសំឡេងរំខានយ៉ាងខ្លាំង ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការសម្រាក ការរស់នៅ និងការរៀនសូត្រ ដោយសារហ្វូងមាន់ជល់រាប់រយក្បាលរងាវលាន់ឮទ្រហឹងទាំងយប់ទាំងថ្ងៃ។
ប្រជាពលរដ្ឋលើកឡើងទៀតថា កន្លងមកមានមន្ត្រីមូលដ្ឋាន ធ្លាប់បានចុះណែនាំជាច្រើនលើក ប៉ុន្តែម្ចាស់កសិកដ្ឋានមិនព្រមស្តាប់ឡើយ។ ដូច្នេះប្រជាពលរដ្ឋសុំឲ្យអាជ្ញាធរចាត់វិធានការលើករណីនេះផង ព្រោះវាបង្កផលប៉ះពាល់ដល់មនុស្សរស់នៅជុំវិញ ពិសេសមនុស្សចាស់មានជំងឺប្រចាំកាយ និងក្មេង ដែលត្រូវការសម្រាក និងសិក្សារៀនសូត្រ។
ប្រជាពលរដ្ឋនៅតែសំណូមពរយ៉ាងទទូចដល់អាជ្ញាធរ មេត្តាពិនិត្យបិទកសិដ្ឋានចិញ្ចឹមមាន់នេះ ដោយឱ្យរកកន្លែងទីតាំងដែលនៅឆ្ងាយពីភូមិដ្ឋានប្រជាពលរដ្ឋ ព្រោះមិនត្រឹមបង្កសំឡេងរំខានទេ ថែមអាចបង្កក្លិនស្អុយ ប៉ះពាល់ដល់សុខភាពថែមទៀតផង៕