(វ៉ាស៊ីនតោន)៖ ទីបញ្ជាការយុទ្ធសាស្ត្រនៃកងទ័ពអាមេរិកបានបញ្ជាក់ថា កូរ៉េខាងជើងនៅព្រឹកមិញនេះបានបាញ់ សាកល្បងគ្រាប់មីស៊ីល Rodong រយៈចម្ងាយមធ្យមចំនួនពីរគ្រាប់ ដោយមួយគ្រាប់ដំបូងបានផ្ទុះខ្ទេច ក្រោយពីទើបបាញ់ចេញបានបន្តិចប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន យ៉ុនហាប់ នាព្រឹកថ្ងៃពុធ ទី០៣ ខែសីហា ឆ្នាំ២០១៦។
ទីបញ្ជាការអាមេរិកដែលហៅកាត់ថា USSTRATCOM ខាងលើនេះបានអះអាងទៀតថា គ្រាប់មីស៊ីលទាំងពីរគ្រាប់នោះ ត្រូវបានបាញ់ចេញពីទីក្រុង Hwangju ភាគខាងលិចប្រទេសកូរ៉េខាងជើង។ បើតាមការតាមដានរបស់អាមេរិកនោះ គឺមួយគ្រាប់ដំបូងបានទទួលបរាជ័យ និង គ្រាប់ទីពីរបានធ្លាក់ទៅក្នុងដែនសមុទ្ររបស់ប្រទេសជប៉ុន ក្រោយពីហោះ បានចម្ងាយ ១,០០០ គីឡូម៉ែត្រ។ សម្រាប់ទីបញ្ជាការការពារដែនអាកាសអាមេរិកខាងជើង បានបញ្ជាក់ថា ការបាញ់នេះមិនបានគំរាមដល់ទឹកដីអាមេរិកខាងជើងឡើយ។
គួរបញ្ជាក់ថា ការបាញ់មីស៊ីលរបស់កូរ៉េខាងជើងនេះ បានកើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសជប៉ុនបាន ធ្វើការបូកសរុបរបាយការណ៍ការពារជាតិប្រចាំឆ្នាំរបស់ខ្លួន (Defense White Paper) ដោយក្នុងក៏មានការលើកឡើង ពីសកម្មភាពរបស់កូរ៉េខាងជើង ដូចជាការត្រៀមបាញ់គ្រាប់មីស៊ីល ដែលអាចមានសមត្ថភាពផ្លោងដល់ទឹកដីអាមេរិក ផងដែរ ប៉ុន្តែការបាញ់នៅថ្ងៃនេះគឺគ្រាន់តែជាគ្រាប់មីស៊ីលរយៈចម្ងាយមធ្យមប៉ុណ្ណោះ៕