(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោក ធិន សិុនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀន២ទីតាំង ដែលស្ថិតក្នុងសង្កាត់ប៉ោយប៉ែត និងសង្កាត់ផ្សារកណ្ដាល ដោយក្នុងនោះដែរកម្លាំងជំនាញបានដកហូតថ្នាំញៀនសុរប២៥កញ្ចប់ ព្រមទាំងឃាត់ខ្លូនបានជនសង្ស័យប្រុសស្រី៧នាក់ផងដែរ។
លោកធិន សិុនដេត បានប្រាប់ភ្នាក់ងារ Fresh News ថា ក្រោយពីមានការដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ពីសំណាក់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការខេត្ត និងមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត រហូតឈានមកការបង្ក្រាបជាបន្តបន្ទាប់ដូចជាភ្លៀងរលឹម។
លោកបន្តថា គោលដៅទី១ ក្នុងសង្កាត់ប៉ោយប៉ែត ដកហូតគ្រឿងញៀនប្រភេទមេតំហ្វេតាមីនអាយ២កញ្ចប់ ជញ្ជីងថ្លឹង១ ដបកែឆ្នៃសម្រាប់ជក់២ ទូរស័ព្វដៃ២គ្រឿង ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន ដាវសាមូរ៉ៃ១ ឃាត់ខ្លួនជនសង្ស័យបាន៣នាក់ ដោយជនសង្ស័យទី១-ឈ្មោះ ស៊ិ សុវណ្ណា អាយុ២៧ឆ្នាំ (អ្នកជួញដូរគ្រឿងញៀន) ទី២-ឈ្មោះ ឈន រ៉ាភី អាយុ១៧ឆ្នាំ (អ្នកប្រើប្រាស់) និងទី៣-ឈ្មោះ ឈន ម៉ារ៉ាឌី ភេទស្រី អាយុ២៤ឆ្នាំ (អ្នកប្រើប្រាស់) ចំណែកគោលដៅទី២ ក្នុងសង្កាត់ផ្សារកណ្តាល ដកហូតគ្រឿងញៀនប្រភេទមេតំហ្វេតាមីនអាយ២៣កញ្ចប់ ឃាត់ខ្លួនជនសង្ស័យបាន៤នាក់ ទី១-ឈ្មោះ ណែម ប៊ុនធឿន អាយុ ២៤ឆ្នាំ (អ្នកជួញដូរគ្រឿងញៀន) ទី២-ឈ្មោះ ជា ពន្លក អាយុ២៣ឆ្នាំ (អ្នកប្រើប្រាស់) ទី៣-ឈ្មោះ ម៉ែន លីហេង អាយុ១៨ឆ្នាំ (អ្នកប្រើប្រាស់) និងទី៤-ឈ្មោះ ឈុន គឹមស៊ា អាយុ៥៦ឆ្នាំ (អ្នកប្រើប្រាស់)។
បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងសាងសំណុំរឿង ជនសង្ស័យទាំងអស់ រួមជាមួយភស្តុតាងគ្រឿងញៀន បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់៕