(ភ្នំពេញ)៖ ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង ដែលជាក្រុមហ៊ុនឈានមុខគេនៅកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Fresh Start និងក្រុមហ៊ុន Aegros របស់ប្រទេសអូស្ត្រាលី ដើម្បីផលិត និងចែកចាយប្លាស្មានៅអាស៊ីអាគ្នេយ៍ ដែលជាជំហានដ៏សំខាន់មួយនៅក្នុងវឌ្ឍនភាពនៃការអភិវឌ្ឍសុខភាពនៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់។
កិច្ចសហប្រតិបត្តិការភាពជាដៃគូវិនិយោគនេះត្រូវបានចុះហត្ថលេខាដោយអ្នកឧកញ៉ា គិត ម៉េង ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងលោក Daniel Phillips នាយកប្រតិបត្តិនៃក្រុមហ៊ុន Fresh Start របស់ប្រទេស Australia នាថ្ងៃទី៣ ខែសីហា ឆ្នាំ ២០២៣ នៅរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសជាច្រើនរូបនៃភាគីក្រុមហ៊ុនទាំងពីរ។
ក្រុមហ៊ុន Royal Group ក្រុមហ៊ុន Fresh Start (អូស្ត្រាលី) និងក្រុមហ៊ុន Aegros (អូស្ត្រាលី) នឹងធ្វើការរួមគ្នាឆ្ពោះទៅរកគោលដៅរួមមួយ ក្នុងការផ្តល់ជូនអាស៊ាននូវផលិតផលព្យាបាលប្លាស្មាដែលអាចប្រើប្រាស់បាន និងការកែច្នៃវាឱ្យទៅជាផលិតផលសង្គ្រោះអាយុជីវិត។
ស្របពេលដែលផលិតផលប្លាស្មានៅលើពិភពលោក និងជាពិសេសនៅក្នុងតំបន់អាស៊ីកំពុងតែមានការខ្វះខាតនោះ វាបានជះឥទ្ធិពលអវិជ្ជមានទៅដល់ដំណើរការថែទាំសុខុមាលភាពរបស់មនុស្សជាច្រើននៅតាមបណ្តាប្រទេសនានា។ ជាហេតុនាំឱ្យភាពជាដៃគូនៃសហប្រតិបត្តិរវាងភាគីទាំងបីនៅពេលនេះគឺជាជំហានទៅមុខដ៏សំខាន់មួយនៅក្នុងការលើកកម្ពស់ប្រព័ន្ធសុខាភិបាលដើម្បីការឆ្ពោះទៅរកគោលដៅសម្រាប់អាស៊ានអាចមានលទ្ធភាពក្នុងការប្រើប្រាស់ផលិតផលព្យាបាលប្លាស្មាបានគ្រប់គ្រាន់ទៅតាមតម្រូវការ។
សូមបញ្ជាក់ថា ប្លាស្មាគឺជាធាតុរាវនៃឈាមដែលមានផ្ទុកសមាសធាតុគីមីនៅក្នុងឈាមដូចជាសារធាតុចិញ្ចឹម កាកសំណល់ ហើយក្នុងនោះក៏មានផងដែរនូវអង់ទីករ។ វាមានប្រយោជន៍សំខាន់សម្រាប់សុខភាពដូចជា ការព្យាបាលជំងឺមហារីក ការគ្រប់គ្រងកំណកឈាម និងការព្យាបាលវេជ្ជសាស្រ្តជាច្រើនផ្សេងទៀត។
អ្នកឧកញ៉ា គិត ម៉េង ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានមានប្រសាសន៍ថា ក្រុមហ៊ុនថ្មីកើតចេញពីការបណ្តាក់ទុនរួមគ្នានេះនឹងត្រូវមានឈ្មោះថា «រ៉ូយ៉ាល់ គ្រុប ប្រភាគប្លាស្មា (Royal Group Plasma Fractionation)» ហើយក្រុមហ៊ុននឹងប្រមូលផ្ដុំប្លាស្មានៅទូទាំងទ្វីបអាស៊ី។
អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ទៀតថា ក្រុមហ៊ុននឹងធើ្វការផ្តោតសំខាន់ទៅលើ៖ ១. ប្រមូលទិញធាតុប្លាស្មានៅជុំវិញតំបន់អាស៊ីអាគ្នេយ៍ ២. សាងសង់មន្ទីរសម្រាប់ប្រភាគប្លាស្មាថ្មីមួយនៅប្រទេសសិង្ហបុរី ក្នុងតម្លៃ ៤០០លានដុល្លារ ដែលមានសមត្ថភាពប្រភាគប្លាស្មាចំនួន១លានលីត្រក្នុង១ឆ្នាំសម្រាប់អាស៊ាន និង៣. សាងសង់ទីកន្លែងផលិតផលសម្រេចនៅប្រទេសកម្ពុជា ដើម្បីវេចខ្ចប់ និងចែកចាយប្លាស្មា។
លោក Daniel Phillips នាយកប្រតិបត្តិនៃក្រុមហ៊ុន Fresh Start Australia Pty Ltd បានមានប្រសាសន៍ថា តាមរយៈបច្ចេកវិទ្យារំញែកសំណាកប្លាស្មាថ្មីមានឈ្មោះថា «HaaemFrac®» ដែលបានបង្កើតឡើងដោយក្រុមហ៊ុន Aegros Limited នឹងជួយសម្រួលដល់ដំណើរការផលិតប្លាស្មាដូចជា៖ ១. មានភាពរហ័សទៅតាមតម្រូវការ សម្រាប់ការផ្គត់ផ្គង់នៅតាមបណ្តាប្រទេសអាស៊ានដែលកំពុងខ្វះខាត ២. បង្កើតការងារថ្មីសម្រាប់ប្រជាជនក្នុងប្រទេសកម្ពុជា និងសិង្ហបុរី ៣. បង្កើនប្រភពប្រាក់ចំណូលពន្ធសម្រាប់វិស័យនាំចេញពីប្រទេសកម្ពុជា និងសិង្ហបុរី និង៤. លើកកម្ពស់មុខមាត់វិស័យសុខាភិបាលរបស់ប្រទេសកម្ពុជា និងសិង្ហបុរីនៅលើឆាកអន្តរជាតិ។
សូមជម្រាបថា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប គឺជាក្រុមហ៊ុនវិនិយោគដ៏ធំជាងគេនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានគេទទួលស្គាល់ជាទូទៅថា ជាក្រុមហ៊ុនអាជីវកម្មដែលមានសក្តានុពល និងមានភាពចម្រុះជាងគេបំផុតនៅក្នុងប្រទេសមួយនេះ។ ក្រុមហ៊ុនបានធើ្វការបណ្តាក់ទុនលើវិស័យជាច្រើនរួមមាន ទូរគមនាគមន៍ ការដឹកជញ្ជូន ថាមពល ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងការកម្សាន្ត ធនាគារ និងហិរញ្ញវត្ថុ ការធានារ៉ាប់រង សណ្ឋាគារ និងរមណីយដ្ឋាន ការអប់រំ ការអភិវឌ្ឍអចលនទ្រព្យ ការជួញដូរ និងកសិកម្មជាដើម។
ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប គឺជាច្រកទ្វារយុទ្ធសាស្ត្រដ៏សំខាន់នៃការវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងប្រវត្តិនៃភាពជោគជ័យ និងភាពជាដៃគូដែលឈានមុខគេនៅលើទីផ្សារជាមួយនិងក្រុមអ្នកវិនិយោគនៅក្នុងវិស័យឧស្សាហកម្មនានាជាច្រើន ហើយនឹងផ្តល់នូវសក្តានុពលវិនិយោគដ៏ច្រើនលើសលប់នៅក្នុងសេដ្ឋកិច្ចទីផ្សារសេរីដ៏ពិតប្រាកដដំបូងគេនៅក្នុងតំបន់ដងទន្លេមេគង្គនៃអាស៊ី៕