(ភ្នំពេញ)៖ ប៉ុន្មានថ្ងៃខាងមុនេះ នៅក្នុងឱកាសនៃការទទួលពានរង្វាន់ «អាស៊ានសមិទ្ធផលអមតៈ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានផ្ញើលិខិតចំហរមួយជូនប្រជាពលរដ្ឋ ដោយលើកឡើងអំពីកិត្តិយសរបស់ជាតិ និងភាពប៉ិនប្រសប់របស់ មេដឹកនាំកម្ពុជា ក្នុងការទទួលបានពានរង្វាន់ដ៏ឆ្នើមសម្រាប់ប្រជាជាតិទាំងអស់គ្នា។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖
នេះជាឱកាសដ៏ថ្លៃថ្លារបស់ប្រជាជាតិកម្ពុជា ដែលទទួលបានមហាកិត្តិយស ដែលសម្តេចតេជោ ហ៊ុន សែន នឹងត្រូវបានផ្តល់កិត្តិយស ដោយការផ្តល់ពានរង្វាន់ «អាស៊ានសមិទ្ធផលអមតៈ» ដែលនឹងប្រគល់ជូនដោយ លោក តាន់ស្រ៊ី ម៉ៃឃិល យ៉ូស។
នេះជាចម្លើយសម្រាប់ថ្នាក់ជាតិ និងអន្តរជាតិ ដែលគេបានយល់ខុសថា ASEAN គ្មានអ្នកនយោបាយដែលមានបទពិសោធន៍ជើងចាស់ ដែលធ្វើឲ្យអាស៊ានមានបញ្ហាចំពោះ ដំណោះស្រាយបញ្ហាវិវាទសមុទ្រចិនខាងត្បូង។
ឱកាសដែលសម្តេចតេជោ ហ៊ុន សែន ទទួលបានពានរង្វាន់ «អាស៊ានសមិទ្ធផលអមតៈ» គឺជាការបង្ហាញបញ្ជាក់ឲ្យឃើញពីទេពកោសល្យ និងការប៉ិនប្រសប់នយោបាយ ដែលសម្ដេចតេជោ បានធ្វើឲ្យសមាជិកអាស៊ានទាំងមូលឯកភាពគ្នាចំពោះវិធាននៃការដោះស្រាយវិវាទអធិបតេយ្យ សមុទ្រចិនខាងត្បូង ដែលបានឯកភាព និងប្ដេជ្ញារបស់អាស៊ានទាំងមូលជាឯកច្ឆ័ន្ធ ដែលបានធ្វើសេចក្ដីថ្លែងការណ៍រួមទៅរាជធានីភ្នំពេញ នៅឆ្នាំ២០០២ រីឯក្រុមនយោបាយខ្មែរ ដែលយកប្រទេសខាងលិច ជាមេកើយបានធ្វើការប្រមាថ និងវាយប្រហារមកលើរដ្ឋាភិបាលកម្ពុជា ចាប់ផ្ដើមខ្លាំងក្លា កាលពីកម្ពុជាធ្វើជាប្រធានក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅក្នុងឆ្នាំ២០១២ ក៏ប៉ុន្តែចាប់តាំងពីពេលនោះ អស់រយៈពេល៤ឆ្នាំ ដែលគ្មានប្រទេសណាមួយដែលជាសមាជិកអាស៊ាន ដែលបានធ្វើជាប្រធាន ទទួលបាននូវសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្រ្តីការបរទេស ដូចដែលបានស្ដែងនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវនាពេលថ្មីៗនេះ។ នេះជាជំហររបស់កម្ពុជាពិតប្រាកដ ដែលចង់រក្សាសន្តិភាព និងស្ថេរភាពនៅសមុទ្រចិនខាងត្បូង ដែលជាផលប្រយោជន៍របស់តំបន់ និងអន្តរជាតិ។
ករណី ភូមា សម្តេចបានអោបក្រសោបប្រឆាំង និងការហ៊ុព័ទ្ធសេដ្ឋកិច្ច (Embargo) ពីលោកខាងលិច ក៏ដូចជា កិច្ចការបេក្ខភាពអាស៊ានជាដើម។
សម្តេចមានការពិសោធន៍គ្រប់គ្រាន់ ដែលអាចចែករំលែកដល់ថ្នាក់ដឹកនាំវ័យក្មេង ក្នុងបណ្តាប្រជាជាតិសមាជិក អាស៊ានក៏ដូចជាមហាអំណាចធំៗជាដើម។
ជ័យលាភីពិសេសមួយទៀត គឺទេពកោសល្យ ក្នុងការនាំសន្តិភាពនៃគោលនយោបាយ ឈ្នះឈ្នះ ចាប់ផ្តើមបង្កើតឱកាសនៃសេចក្តីព្រមព្រៀង សន្តិភាព ទីក្រុងបារីស រហូតដល់បញ្ចប់ខ្មែរក្រហម ទោះបីជាអ៊ុនតាក់បោះបង់ បេសកកម្មរបស់គេពាក់កណ្ដាលផ្លូវក៏ដោយ។
ការទទួលស្គាល់ និងការផ្ដល់ពានរង្វាន់សមិទ្ធិផលអមតៈអាស៊ាន ជូនសម្តេចតេជោ គឺជាសក្ខីភាពនៃសមត្ថភាព និងការដឹកនាំប្រកបដោយ ជោគជ័យរបស់សម្ដេចតេជោ ដែលស្ថិតនៅក្នុងអំណាចយូរជាងគេ ប្រចាំតំបន់ ដែលអំណាចនេះកើតចេញពីលទ្ធផលនៃការបោះឆ្នោត និងឆន្ទៈ នៃការទទួលស្គាល់ របស់ប្រជាពលរដ្ឋខ្មែរ។ នេះក៏ជាសារសំខាន់ណាស់ សំរាប់អ្នកប្រឆាំង និងវត្តមានរបស់សម្តេចតេជោ នៅក្នុងអំណាច ដែលមានរយៈពេលយូរ និងប្រកបដោយសមិទ្ធផល ដែលទទួលស្គាល់ដោយស្ថាប័ន គ្មាននិន្នាការអន្តរជាតិ។
ជ័យលាភីពីពេលមុនៗ ដែលទទួលបានរង្វាន់នេះ គឺសុទ្ធតែឥស្សរៈជន ដែលទទួលបានការស្ញើចគោរពចំពោះជោគជ័យ នៃការដឹកនាំប្រកបដោយសមិទ្ធផល ជាមួយ និងសន្តិភាព ស្ថេរភាព ហើយ ក៏ឋិតនៅក្នុងអំណាចយូរផងដែរ។ ជយោ ! តេជោសែន ជយោប្រជាជាតិកម្ពុជា និង ព្រះមហាក្សត្រកម្ពុជា៕