(វ៉ាស៊ីនតោន)៖ អំឡុងពេលដែលសហរដ្ឋអាមេរិក ជិតនឹងដល់ពេលធ្វើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនោះ នាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong និងលោកជំទាវ Lee បានធ្វើការបំពេញទស្សនកិច្ចជាលើកដំបូង មិនធ្លាប់មានក្នុងរយៈពេល ៣០ឆ្នាំមកហើយ ក្នុងនាមមេដឹកនាំកំពូលសិង្ហបុរី ទៅកាន់ទឹកដីមហាអំណាចមួយនេះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយ Channel News Asia នាព្រឹកថ្ងៃពុធ ទី០៣ ខែសីហា ឆ្នាំ២០១៦។
នៅក្នុងដំណើរបំពេញទស្សនកិច្ចនោះដែរ មេដឹកនាំទាំងពីរ អាមេរិក និងសិង្ហបុរី បានពិភាក្សាគ្នាលម្អិតទៅលើការប៉ុនប៉ង សម្រេចឲ្យបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្ម នៃភាពជាដៃគូឆ្លងកាត់តំបន់ប៉ាស៊ីហ្វិក Trans-Pacific Partnership (TPP)។
សេចក្តីថ្លែងការណ៍រួមមួយនៅក្នុងជំនួបរវាងលោក អូបាម៉ា និងលោក លី នៅឯសេតវិមានរដ្ឋធានីវ៉ាស៊ីនតោន បានលើកឡើងថា TTP ពិតជាឆ្លុះបញ្ចាំងអំពីការរក្សាតុល្យភាពពាណិជ្ជកម្មរបស់អាមេរិកមកកាន់តំបន់អាស៊ី ក៏ដូចជា ការប្តេជ្ញាបង្កើតឲ្យបាននូវស្តង់ដារ ពាណិជ្ជកម្មកម្រិតខ្ពស់របស់សិង្ហបុរីផងដែរ។
វាជាការពិតដែលថា ប្រទេសសិង្ហបុរីមានការព្រួយបារម្ភចំពោះ បញ្ហាក្រោយការបោះឆ្នោត នៅសហរដ្ឋអាមេរិកដែលខ្លួន ធ្លាប់មានបទពិសោធន៍កន្លងមក ប៉ុន្តែយ៉ាងក៏ដោយសិង្ហបុរី នៅតែចង់បានតួនាទី និងទិសដៅដ៏ជាក់លាក់របស់អាមេរិក ក្នុងការកាច់ចង្កូតនាវារបស់ខ្លួន ដែលមិនត្រូវមានការផ្លាស់ប្តូរ ចុះឡើងនោះឡើយ។ គួរបញ្ជាក់ថា ការបោះឆ្នោតនៅ អាមេរិកនឹងចាប់ផ្តើមឡើងនៅដើមខែវិច្ឆិកាខាងមុខនេះ ដោយមានបេក្ខភាពពីររូបមក ពីគណបក្សនយោបាយទំាងពីរ ចូលរួម នោះគឺលោកស្រី ហ៊ីលឡារី គ្លីនតុន និងលោក ដូណាល់ ត្រាំភ៍៕