(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជាឲ្យអាជ្ញាធរខេត្តកំពត ធ្វើការជួសជុលស្ពានឥន្ធនូ ដែលជាស្ពានឆ្លងព្រែកកំពត់ចាស់ នៅក្នុងក្រុងកំពតឡើងវិញ ដើម្បីឲ្យប្រជាពលរដ្ឋ និងសិស្សានុសិស្សធ្វើដំណើរ និងជិះកង់-ម៉ូតូឆ្លងកាត់ ជួយសម្រួលធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋ។
ស្ពានឥន្ធនូនេះ ត្រូវបានសាងសង់ឡើងតាំងពីសម័យបារាំង គ្រប់គ្រងប្រទេសកម្ពុជាមកម្ល៉េះ។ ស្ពាននេះ ត្រូវបានបិទឲ្យប្រជាពលរដ្ឋឆ្លងកាត់អស់រយៈពេលប្រមាណ ៣ឆ្នាំមកហើយ ដោយសារស្ពានមានសភាពទ្រុឌទ្រោម និងក្រោយពេលស្ពានឆ្លងព្រែកថ្មី បានដាក់ឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់។
បន្ទាប់ពីស្ពាននេះ ត្រូវបានបិទគេនៅតែសង្កេតឃើញប្រជាពលរដ្ឋមួយចំនួន ដែលមានលំនៅឋានជិតស្ពាននាំគ្នាឆ្លងកាត់ដដែល ព្រោះស្ពានថ្មីមានចម្ងាយឆ្ងាយពីផ្ទះរបស់ពួកគេ។
នៅក្នុងជំនួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តី និងកងកម្លាំងប្រដាប់អាវុធនៅសាលាខេត្តកំពតនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឲ្យធ្វើការជួសជុលដាក់ ឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ឡើងវិញ។ ការសម្រេចឲ្យជួសជុលស្ពាន ដើម្បីឲ្យប្រជាពលរដ្ឋឆ្លងកាត់នេះ បន្ទាប់ពីសម្តេចសង្កេតឃើញមានប្រជាពលរដ្ឋ បានទទូចឲ្យបើកស្ពាននេះឡើងវិញ។
ប្រជាពលរដ្ឋ និងសិស្ស ដែលធ្លាប់តែព្យាយាមនាំគ្នាឆ្លងរបាំងធ្វើដំណើរតាមស្ពាននេះ បានយល់ឃើញថា ជាការល្អមួយចំពោះការបើកដំណើរការស្ពាននេះឡើងវិញ ព្រោះវាជួយសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ទៅប្រកបការងារ ក៏ដូចជាធ្វើដំណើរទៅសាលា៕