(ភ្នំពេញ)៖ របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក (យប់៣លើក) មិនបណ្តាលឲ្យមានមនុស្សស្លាប់នោះទេ ប៉ុន្តែរងរបួសធ្ងន់១១នាក់ និងរបួសស្រាល៥នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ៩លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុប ចំនួន២១គ្រឿង រួមមានម៉ូតូចំនួន១៤គ្រឿង រថយន្តធុនតូចចំនួន៤គ្រឿង រថយន្តធុនធំចំនួន២គ្រឿង និងយានផ្សេងៗចំនួន១គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៣លើក, ស្រវឹង១លើក, ប្រជែងគ្រោះថ្នាក់២លើក, មិនប្រកាន់ស្តាំ១លើក, បត់គ្រោះថ្នាក់១លើក និងមិនគោរពសិទ្ធិ១លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍១៤នាក់ (យប់៤នាក់)។
នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៣៤០២គ្រឿង ក្នុងនោះបានធ្វើការអប់រំ ចំនួន១៥៧៨គ្រឿង និងពិន័យសរុបចំនួន ១៨២៤គ្រឿង៕