(សៀមរាប)៖ ដោយស្ថានភាពអាកាសធាតុក្នុងរយៈពេលមួយសប្តាហ៍មកនេះ ដោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ បានធ្វើឲ្យស្រុកមួយចំនួន ក្នុងភូមិសាស្ត្រខេត្តសៀមរាប បានទទួលរងនូវផលប៉ះពាល់ជំនន់ទឹកភ្លៀង នៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ អាជ្ញាធរខេត្តសៀមរាបដឹកនាំដោយលោក អ៊ឹង គឹមលាង អភិបាលរងខេត្ត ចុះត្រួតពិនិត្យ និងវាយតម្លៃ អំពីផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រស្រុកក្រឡាញ់ និងស្រុកអង្គរជុំ។

តាមការបញ្ជាក់របស់អាជ្ញាធរស្រុកក្រឡាញ់ បានឲ្យដឹងថា ក្នុងរយៈពេលមួយសប្តាហ៍មកនេះ ឃុំមួយចំនួននៅផ្នែកខាងលើ បានទទួលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង មាននៅឃុំស្នួល និងឃុំក្រូចគរ ធ្វើឲ្យដំណាំស្រូវវស្សារងផលប៉ះពាល់ទឹកជំនន់ទឹកភ្លៀង ចំនួន ៣១៣ហិកតា។ ក្នុងនោះដែរ មានស្រូវកណ្ដាល ២៣៦ ហិកតា ស្រូវធ្ងន់ ៧៧ ហិកតា មានគ្រួសាររងផលប៉ះពាល់ចំនួន ៣១៥គ្រួសារ ព្រមទាំងបានលិចទីធ្លាសាលារៀនមួយកន្លែងផងដែរ។

ដោយឡែកចំពោះស្រុកអង្គរជុំ ក៏មានឃុំចំនួន៥ ស្មើ ២៥ភូមិ បានទទួលរងផលប៉ះពាល់ បានធ្វើឲ្យខូចខាតនូវប្រព័ន្ធធារាសាស្ត្រ ផ្លូវថ្នល់មួយចំនួនផងដែរ។ តាមការបញ្ជាក់របស់លោក ភន សុខុម អភិបាលស្រុកអង្គរជុំ បានឲ្យដឹងថា ឃុំទាំង៥របស់ស្រុកអង្គរជុំនេះ បានរងផលប៉ះពាល់ដោយជំនន់ទឹកភ្ញៀង ដែលបានហូរធ្លាប់មកពីតំបន់ខាងលើ នៃភូមិសាស្ត្រខេត្តឧត្តរមានជ័យ ដែលមានភ្លៀងធ្លាក់រយៈពេលមួយសប្តាហ៍មកនេះ។ ក្នុងនោះដែរ ធ្វើឲ្យទឹកលិចក្រោមផ្ទះប្រជាពលរដ្ឋ និងធ្វើឲ្យប៉ះពាល់ដំណាំស្រូវ សរុប ១ពាន់៩ ហិចតា ស្មើ ៩៨៨គ្រួសារ និងទឹកហូដាច់ខូចខាតផ្លូវលំ ប្រវែងសរុប ៤៩៥ម៉ែត្រ។ 

លោកបានបញ្ជាក់ថា ដើមី្បកុំឲ្យមានការលិចលុង នៅទីរួមស្រុកអង្គរជុំបន្តទៀតទៅជាប្រពៃណីនោះ  អាជ្ញាធរស្រុកបានសហការជាមួយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន បានធ្វើការបើមុខទឹក និងស្តារសម្រាមដែលកកស្ទះនៅតាម ប្រព័ន្ធលូមួយចំនួន ក្នុងការសម្រួលចរន្តទឹកហូរឲ្យបានទាន់ពេល ក្នុងការបញ្ជៀសការលិចទីរួមស្រុកបន្តទៅទៀតផងដែរ។

លោក អ៊ឹង គឹមលាង បានបញ្ជាក់ក្នុងការចុះពិនិត្យ និងវាយតម្លៃ ពីស្ថានភាពទឹកជំនន់នោះ ជូនដល់អាជ្ញាធរ ទាំងពីរស្រុក ត្រូវបង្កើនការយកចិត្ត តាមដានបន្តទៀត ចំពោះបញ្ហាជំនន់ទឹកភ្លៀងនេះ ពីព្រោះថា រដូវវស្សាទើបចូល មកដល់ហើយភូមិសាស្ត្រស្រុកមួយចំនួនទទួលរងគ្រោះទឹកជំនន់ តែបើយើងយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម នៅតាមបណ្តាខេត្តនៃព្រះរាជាណាចក្រកម្ពុជា និងរងនូវសម្ពាធឥដ្ឋិពល នៃព្យុះពីបណ្តាប្រទេសចិន។ 

លោក អ៊ឹង គឹមលាង បានបន្តថា ដើមី្បឆ្លើយតបឲ្យបានទាន់ពេលវេលា តាមប្រសាសន៍ណែនាំផ្តាំផ្ញើដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីធ្វើយ៉ាងណាឲ្យអាជ្ញាធរខេត្ត ស្រុក ធ្វើការសិក្សាវាយតម្លៃបានជាមូលដ្ឋាន អំពីការរងផលប៉ះពាល់ជាក់លាក់ទាំងការងារបង្កបង្កើនផល និងហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងមូលដ្ឋានរួមនឹងតម្រូវការសំណូមពរជាក់ស្ដែង របស់ប្រជាពលរដ្ឋ ដើម្បីជួយអន្តរាគមន៍ធ្វើការស្ដារឡើងវិញឲ្យបានឆាប់រហ័សទាន់ពេលវេលា។

លោកអភិបាលរងខេត្ត ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងជំនាញពាក់ព័ន្ធ ត្រូវរួមសហការគ្នាធ្វើការវាយតម្លៃនៃការខូចខាតឲ្យបានច្បាស់លាស់ និងផែនការជាក់លាក់ ដើម្បីជាវិធានការអន្តរាគមន៍ ក៏ដូចជាការផ្ដល់ពូជស្រូវ ជួយដល់ប្រជាពលរដ្ឋ ក្នុងការស្ដារឡើងវិញលើការងារបង្កបង្កើនផល ព្រមទាំងការងារជួសជុលហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន ឲ្យបានទាន់ពេលវេលា និងឆាប់រហ័ស។ ម៉្យាងទៀត ជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ក៏ត្រូវយកចិត្តទុកដាក់តាមដានស្ថានភាពទឹកភ្លៀងនៅចុងឆ្នាំ ដើម្បីរក្សាតំកល់ប្រភពទឹកដែលមានក្នុងមូលដ្ឋាន ទុកបម្រុងត្រៀមសម្រាប់ស្រោចស្រពដំណាំ នារដូវប្រាំងខាងមុខនេះ។

លោកបញ្ជាក់ថា អាជ្ញាធរមូលដ្ឋាន ត្រូវមានភាពម្ចាស់ការ ក្នុងពេលមានគ្រោះមហន្តរាយធម្មជាតិកើតមានក្នុងភូមិសាស្ត្រខ្លួន និងត្រូវធ្វើយ៉ាងណាងកុំឲ្យមានផលប៉ះពាល់ដាល់ប្រជាពលរដ្ឋ ព្រមទាំងត្រូវប្រើឲ្យអស់គ្រប់វិធានការ ក្នុងការដោះស្រាយជូនដល់ប្រជាពលរដ្ខរស់នៅប្រកបដោយសេចក្តីសុខ៕