(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦នេះ បាននឹងកំពុងជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធខេត្តកែប នៅសាលាខេត្តកែប។
ការជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ នៅក្នុងសាលាខេត្តកែប នៅពេលនេះ ធ្វើឡើងបន្ទាប់ពីសម្តេចបានអញ្ជើញជួបសំណេះសំណាល ជាមួយក្មួយៗសិស្សានុសិស្ស នៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស ស្ថិតនៅក្នុង សង្កាត់អូរក្រសា ក្រុងកែប ខេត្តកែប និងក្មួយៗសិស្សានុសិស្សនៅសាលា បច្ចេកទេស ដុនបូស្កូ ខេត្តកែប។
នៅថ្ងៃម្សិលមិញ បន្ទាប់ពីសម្តេចបានអញ្ជើញចូលរួមជាអធិបតីភាព នៅក្នុងពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់ផ្លូវជាតិលេខ៤៤ ក្នុងខេត្តកំពង់ស្ពឺរួចមក សម្តេចបានបន្តដំណើរចុះជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធក្នុងខេត្តកំពត។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នឹងធ្វើយុទ្ធនាការចុះគ្រប់២៥រាជធានី-ខេត្ត ដើម្បីជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ។ ខេត្តមួយចំនួនដែលសម្តេចបានបញ្ចប់យុទ្ធនាការនេះ មានដូចជា ខេត្តបាត់ដំបង បន្ទាយមានជ័យ កំពង់ធំ សៀមរាប ស្ទឹងត្រែង ក្រចេះ និងខេត្តកំពត៕